២ របាក្សត្រ 36:10-16 KHOV

10 ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ស្តេច​នេប៊ូ‌ក្នេសា​ចាត់​គេ ឲ្យ​ទៅ​នាំ​ទ្រង់​មក​ឯ​ក្រុង​បាប៊ី‌ឡូន ហើយ​ក៏​យក​គ្រឿង​ប្រដាប់​យ៉ាង​ល្អ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មក​ផង រួច​លើក​សេដេគា ជា​បិតុលា​ទ្រង់​ឡើង​ជា​ស្តេច​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។

11 កាល​សេដេគា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១១​ឆ្នាំ

12 ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ឥត​បន្ទាប​ព្រះ‌ទ័យ​នៅ​មុខ​ហោរា​យេរេមា ដែល​លោក​ពោល​សេចក្ដី​ដែល​មក​ពី​ព្រះ‌ឱស្ឋ​ព្រះ‌យេហូវ៉ា​ឡើយ

13 ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ស្តេច​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ដោយ​នូវ​ព្រះ តែ​សេដេគា​បាន​ធ្វើ​ក​រឹង ហើយ​តាំង​ព្រះ‌ទ័យ​រឹង​របឹង មិន​ព្រម​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ

14 មួយ​ទៀត អស់​ទាំង​មេ​នៃ​ពួក​សង្ឃ និង​ពួក​បណ្តា‌ជន ក៏​ប្រព្រឹត្ត​រំលង​យ៉ាង​ខ្លាំង តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ គេ​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​ញែក​ជា​បរិសុទ្ធ នៅ​ក្រុង​យេរូ‌សាឡិម

15 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ទ្រង់​បាន​ចាត់​ទូត​ទ្រង់​ឲ្យ​ទៅ​ឯ​គេ ទាំង​ក្រោក​ពី​ព្រលឹម​នឹង​ចាត់​គេ​ផង ដ្បិត​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​មេត្តា​ដល់​រាស្ត្រ​ទ្រង់ ហើយ​ដល់​ទី​លំនៅ​ទ្រង់

16 តែ​គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ទ្រង់ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ទ្រង់​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ​ទាល់​តែ​រក​កែ‌ខៃ​មិន​បាន​ឡើយ។