1 ដូច្នេះ ការទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើ សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា បានធ្វើរួចជាស្រេច ហើយទ្រង់នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាព្រះបិតាទ្រង់បានថ្វាយទាំងប្រាក់ទាំងមាស និងគ្រឿងប្រដាប់ទាំងអស់ ចូលទៅដាក់នៅក្នុងឃ្លាំងព្រះវិហារនៃព្រះ។
2 រួចមក សាឡូម៉ូនទ្រង់ប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកចៅហ្វាយនៃពូជអំបូរទាំងអស់ ហើយពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកកូនចៅអ៊ីស្រាអែល មកឯក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ចេញពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូនមក
3 ដូច្នេះ បណ្តាមនុស្សសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏មូលព្រមគ្នាមកឯស្តេច នៅវេលាបុណ្យក្នុងខែអស្សុជ
4 ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏មកដែរ ហើយពួកលេវីគេលើកសែងហឹប
5 នាំយកទាំងហឹប និងត្រសាលជំនុំ ហើយនឹងគ្រឿងប្រដាប់បរិសុទ្ធដែលនៅក្នុងត្រសាលទាំងអស់ឡើងមក គឺជាពួកលេវីដ៏ជាសង្ឃ ដែលសែងយកមកនោះ