14 ទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ទោះនៅលើមេឃ ឬនៅផែនដីក្តី ទ្រង់កាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសដល់ពួកអ្នកបំរើទ្រង់ ដែលដើរនៅចំពោះទ្រង់ដោយចិត្តស្មោះត្រង់
15 ទ្រង់បានរក្សាសេចក្ដីសន្យា ដែលទ្រង់បានមានព្រះបន្ទូលនឹងអ្នកបំរើទ្រង់ គឺនឹងដាវីឌ ជាបិតាទូលបង្គំ ទ្រង់បានមានព្រះបន្ទូលដោយព្រះឱស្ឋទ្រង់ ហើយសំរេចសេចក្ដីនោះ ដោយព្រះហស្តទ្រង់ ដូចជាមានមកសព្វថ្ងៃនេះ
16 ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់រក្សាសេចក្ដី ដែលទ្រង់បានសន្យានឹងបិតាទូលបង្គំ គឺនឹងដាវីឌ ជាអ្នកបំរើទ្រង់ថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល នៅមុខអញឡើយ ឲ្យតែកូនចៅឯងប្រុងប្រយ័ត្ននឹងផ្លូវខ្លួន ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់អញ ដូចជាឯងបានដើរនៅមុខអញដែរ
17 ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលនឹងដាវីឌ ជាអ្នកបំរើទ្រង់ចុះ។
18 យីអើ តើព្រះនឹងគង់នៅជាមួយនឹងមនុស្ស នៅលើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
19 ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យ ដែលទូលបង្គំជាអ្នកបំរើទ្រង់អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសំរែក និងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលដល់ទ្រង់ផង
20 ប្រយោជន៍ឲ្យព្រះនេត្រទ្រង់បានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលទ្រង់បានមានព្រះបន្ទូលហើយថា ទ្រង់នឹងតាំងព្រះនាមទ្រង់នៅទីនោះ ដើម្បីនឹងស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំនឹងទូលដំរង់មកឯទីនេះ