28 បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយមកក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្ដីវេទនាណា ឬជំងឺណាក៏ដោយ
29 នោះទោះបើមនុស្សណា ឬបណ្តាពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដែលស្គាល់សេចក្ដីវេទនា និងសេចក្ដីទុកលំបាក នៅក្នុងចិត្តខ្លួន គេលើកដៃប្រទូលដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
30 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយអត់ទោស ព្រមទាំងសងដល់គ្រប់គ្នា តាមអំពើប្រព្រឹត្តរបស់គេ តាមតែទ្រង់ជ្រាបចិត្តគេ (ដ្បិតគឺទ្រង់តែមួយដែលជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់)
31 ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់ ប្រយោជន៍ឲ្យបានដើរតាមផ្លូវទ្រង់ នៅអស់១ជីវិតដែលគេរស់នៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកអយ្យកោយើងខ្ញុំរាល់គ្នា។
32 មួយទៀតត្រង់ឯពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជារាស្ត្រទ្រង់ទេ បើកាលណាគេមកពីស្រុកឆ្ងាយ ដោយព្រោះព្រះនាមទ្រង់ដ៏ជាធំ និងព្រះហស្តដ៏មានឥទ្ធិឫទ្ធិ ហើយព្រះពាហុលើកសំរេចរបស់ទ្រង់កាលណាគេអធិស្ឋានដំរង់មកឯព្រះវិហារនេះ
33 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ទ្រង់ ហើយធ្វើសព្វគ្រប់ តាមសេចក្ដីដែលសាសន៍ដទៃ នោះនឹងសូមដល់ទ្រង់ផង ដើម្បីឲ្យគ្រប់ទាំងសាសន៍ នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ហើយកោតខ្លាចដល់ទ្រង់ដូចជាសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមទ្រង់ពិត។
34 បើសិនជារាស្ត្ររបស់ទ្រង់ចេញទៅ ច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលទ្រង់នឹងចាត់គេឲ្យទៅហើយគេអធិស្ឋានដល់ទ្រង់ ទាំងបែរមកឯទីក្រុងនេះដែលទ្រង់បានរើស និងព្រះវិហារនេះដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់