10 ឯពួកមេទ័ពធំរបស់ស្តេចសាឡូម៉ូន ទាំងអស់មាន២៥០នាក់ ដែលត្រួតត្រាលើពួកទ័ព។
11 រួចមក សាឡូម៉ូនទ្រង់នាំព្រះរាជបុត្រីផារ៉ោនចេញពីក្រុងដាវីឌ ឡើងមកឯដំណាក់ដែលទ្រង់បានសង់សំរាប់ព្រះនាង ដ្បិតទ្រង់នឹកថា ប្រពន្ធរបស់អញមិនត្រូវនៅក្នុងដំណាក់នៃដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលទេ ពីព្រោះទីកន្លែងដែលហឹបនៃព្រះយេហូវ៉ា បានចូលមកទាំងនោះសុទ្ធតែបរិសុទ្ធទាំងអស់។
12 គ្រានោះ សាឡូម៉ូនទ្រង់ថ្វាយដង្វាយដុត ដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលទ្រង់បានស្អាង នៅមុខបាំងសាច
13 តាមកំណត់ដែលត្រូវការរាល់តែថ្ងៃ គឺថ្វាយឲ្យត្រូវនឹងក្រឹត្យក្រមរបស់លោកម៉ូសេ ទាំងថ្ងៃឈប់សំរាក ថ្ងៃចូលខែ និងថ្ងៃបុណ្យមានកំណត់ ៣ដងក្នុង១ឆ្នាំ ជាបុណ្យនំបុ័ងឥតដំបែ បុណ្យអាទិត្យទី៧ និងនៅបុណ្យបារាំ
14 ទ្រង់ក៏ដំរូវវេនពួកសង្ឃ ឲ្យគេបានធ្វើការងារតាមច្បាប់ ដែលដាវីឌ ជាព្រះបិតាទ្រង់ បានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេ សំរាប់នឹងពោលសរសើរ ហើយនឹងធ្វើជាជំនួយដល់ពួកសង្ឃ តាមត្រូវការរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ដែរ តាមវេនគេនៅរាល់តែទ្វារ ដ្បិតដាវីឌជាអ្នកសំណប់របស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ
15 ហើយគេមិនបានធ្វើខុសពីច្បាប់របស់ស្តេច ដែលទ្រង់បានបង្គាប់ដល់ពួកសង្ឃ និងពួកលេវី ចំពោះការអ្វី ឬខាងឯទ្រព្យវិសេសណាឡើយ។
16 រីឯការទាំងអស់ដែលសាឡូម៉ូនបានធ្វើ នោះសុទ្ធតែបានធ្វើទុកជាស្រេច តាំងពីថ្ងៃដែលគេដាំឫសជញ្ជាំងនៃព្រះវិហារព្រះយេហូវ៉ា រហូតដល់បានហើយ ដូច្នេះ ព្រះវិហារនៃព្រះយេហូវ៉ាបានស្អាងឡើងជាស្រេច។