1 កាលមហាក្សត្រីនៃស្រុកសេបាបានឮកិត្តិនាមរបស់សាឡូម៉ូន នោះព្រះនាងក៏យាងមកដល់ក្រុងយេរូសាឡិមដើម្បីល្បងសាឡូម៉ូន ដោយប្រស្នា មានមនុស្សដង្ហែមកយ៉ាងសន្ធឹក ក៏មានសត្វអូដ្ឋជាច្រើន ផ្ទុកដោយគ្រឿងក្រអូប និងមាសជាបរិបូរ ហើយត្បូងមានដំឡៃផង លុះកាលព្រះនាងចូលមកគាល់សាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះទ័យ
2 ឯសាឡូម៉ូន ទ្រង់ក៏ឆ្លើយស្រាយន័យគ្រប់អស់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំង ដែលទ្រង់មិនបានស្រាយន័យ ថ្វាយព្រះនាងនោះទេ
3 កាលមហាក្សត្រីស្រុកសេបា បានឃើញប្រាជ្ញា របស់សាឡូម៉ូន និងដំណាក់ដែលទ្រង់បានធ្វើ
4 ព្រមទាំងព្រះស្ងោយនៅលើតុទ្រង់ ទីលំនៅរបស់ពួកបំរើទ្រង់ សណ្ឋានពួកបរិវាររបស់ទ្រង់ និងគ្រឿងតែងកាយរបស់គេ ហើយពួកបំរើថ្វាយពែងរបស់ទ្រង់ និងសំលៀកបំពាក់របស់គេ ហើយនឹងដង្វាយដុត ដែលទ្រង់ថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី
5 រួចមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮនិយាយ នៅស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន
6 ប៉ុន្តែខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញ នឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮ ពីប្រាជ្ញាដ៏ជាធំរបស់ទ្រង់នោះ គេថ្លែងប្រាប់មិនដល់ត្រឹមទាំងពាក់កណ្តាលផង ទ្រង់លើសហួសពីកិត្តិនាមដែលខ្ញុំម្ចាស់បានឮទៅទៀត
7 មានពរហើយ ពួកទ្រង់ និងពួកអ្នកបំរើនេះ ដែលឈរនៅចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់