19 គ្រានោះអ័ហ៊ីម៉ាស កូនសាដុក មានវាចាថា សូមអនុញ្ញាតឲ្យខ្ញុំនាំដំណឹង រត់ទៅទូលស្តេច ពីដំណើរដែលព្រះយេហូវ៉ាបានសងសឹកនឹងខ្មាំងសត្រូវទ្រង់ហើយ
20 តែយ៉ូអាប់ឆ្លើយថា ថ្ងៃនេះ ឯងមិនត្រូវនាំយកដំណឹងទៅទេ ចាំដល់ថ្ងៃក្រោយវិញ តែថ្ងៃនេះឯងមិនត្រូវនាំយកដំណឹងទៅឡើយ ពីព្រោះព្រះរាជបុត្រនៃស្តេចសុគតហើយ
21 រួចមកយ៉ូអាប់ប្រាប់ទៅគូស៊ី ថា ចូរឯងទៅទូលស្តេចពីការដែលឯងបានឃើញចុះ គូស៊ីក៏ក្រាបសំពះយ៉ូអាប់ ហើយរត់ទៅ
22 នោះអ័ហ៊ីម៉ាស ជាកូនសាដុក គាត់សូមយ៉ូអាប់ម្តងទៀតថា ទោះបើជាយ៉ាងណាក៏ដោយ សូមឲ្យខ្ញុំរត់ទៅតាមគូស៊ីផង យ៉ូអាប់តបថា កូនអើយ ឯងចង់រត់ទៅធ្វើអី ដំណឹងយ៉ាងនេះមិនមែនជាគុណដល់ឯងទេ
23 តែគាត់ថា ទោះបើយ៉ាងណាក៏ដោយចុះ គង់តែខ្ញុំនឹងរត់ទៅដែរ ដូច្នេះ យ៉ូអាប់ក៏បណ្តោយថា ចូររត់ទៅចុះ អ័ហ៊ីម៉ាសក៏រត់ទៅតាមផ្លូវវាលដល់មុនគូស៊ី។
24 ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំង២ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក
25 អ្នកចាំយាមក៏ស្រែកទូលដល់ស្តេច ទ្រង់មានព្រះបន្ទូលថា បើវាមកតែឯង នោះគឺវានាំដំណឹងមកហើយ អ្នកនោះមកកាន់តែជិតដល់