22 នោះអ័ហ៊ីម៉ាស ជាកូនសាដុក គាត់សូមយ៉ូអាប់ម្តងទៀតថា ទោះបើជាយ៉ាងណាក៏ដោយ សូមឲ្យខ្ញុំរត់ទៅតាមគូស៊ីផង យ៉ូអាប់តបថា កូនអើយ ឯងចង់រត់ទៅធ្វើអី ដំណឹងយ៉ាងនេះមិនមែនជាគុណដល់ឯងទេ
23 តែគាត់ថា ទោះបើយ៉ាងណាក៏ដោយចុះ គង់តែខ្ញុំនឹងរត់ទៅដែរ ដូច្នេះ យ៉ូអាប់ក៏បណ្តោយថា ចូររត់ទៅចុះ អ័ហ៊ីម៉ាសក៏រត់ទៅតាមផ្លូវវាលដល់មុនគូស៊ី។
24 ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំង២ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក
25 អ្នកចាំយាមក៏ស្រែកទូលដល់ស្តេច ទ្រង់មានព្រះបន្ទូលថា បើវាមកតែឯង នោះគឺវានាំដំណឹងមកហើយ អ្នកនោះមកកាន់តែជិតដល់
26 រួចអ្នកចាំយាមឃើញម្នាក់ទៀតកំពុងតែរត់មក ក៏ស្រែកប្រាប់ទៅអ្នកឆ្មាំទ្វារថា មើលន៏ មានម្នាក់ទៀតរត់មកដែរ ស្តេចទ្រង់មានព្រះបន្ទូលថា នោះក៏នាំដំណឹងមកដែរ
27 អ្នកចាំយាមទូលថា ទូលបង្គំស្មានថា អ្នកដែលរត់មកមុន នោះមានភាពរត់ដូចជាអ័ហ៊ីម៉ាស កូនសាដុក ស្តេចមានព្រះបន្ទូលតបថា អ្នកនោះជាមនុស្សល្អ ក៏នាំដំណឹងល្អមក។
28 គ្រានោះ អ័ហ៊ីម៉ាសស្រែកទូលមកស្តេចថា មានសុខហើយ រួចគាត់ក្រាបផ្កាប់មុខដល់ដី នៅចំពោះស្តេច ទូលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដោយទ្រង់បានប្រគល់ពួកអ្នកដែលលើកដៃទាស់ និងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ មកហើយ