29 ស្តេចទ្រង់មានព្រះបន្ទូលសួរថា តើអាប់សាឡំម ជាកូនប្រុសយើង សុខសប្បាយទេឬ អ័ហ៊ីម៉ាសទូលឆ្លើយថា កាលយ៉ូអាប់បានចាត់ទូលបង្គំ ជាអ្នកបំរើនៃព្រះករុណាមក នោះទូលបង្គំឃើញថា មានជ្រួលជ្រើមជាខ្លាំង តែមិនដឹងជាមានហេតុអ្វីទេ
30 ដូច្នេះ ស្តេចប្រាប់ថា ចូរឯងបែរទៅ ឈរខាងនោះសិន គាត់ក៏បែរទៅ ឈរស្ងៀមនៅទីនោះ។
31 លំដាប់នោះ គូស៊ីក៏មកដល់ទូលថា ទូលបង្គំមានដំណឹងមកថ្វាយព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងពួកក្បត់ ដែលបានលើកដៃ ទាស់នឹងព្រះករុណាហើយ
32 ស្តេចទ្រង់មានព្រះបន្ទូលសួរគូស៊ីថា តើអាប់សាឡំមកូនប្រុសយើងសុខសប្បាយទេឬ គូស៊ីទូលឆ្លើយថា សូមឲ្យពួកខ្មាំងសត្រូវនៃព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ និងអស់អ្នកដែលលើកគ្នាក្បត់ចំពោះទ្រង់ បានដូចជាបុត្រាទ្រង់ចុះ។
33 នោះស្តេចទ្រង់មានសេចក្តីរំជួលក្នុងព្រះទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែងកំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានព្រះបន្ទូលដូច្នេះថា ឱអាប់សាឡំម កូនអញ កូនអញអើយ ឱអាប់សាឡំម កូនអញអើយ ស៊ូឲ្យអញបានស្លាប់ជំនួសឯង ឱអាប់សាឡំម កូនអញ កូនអញអើយ។