25 រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡិម ដើម្បីនឹងគាល់ស្តេច នោះទ្រង់មានព្រះបន្ទូលសួរថា មភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយនឹងយើង
26 លោកក្រាបទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ បាវទូលបង្គំបានបញ្ឆោតទូលបង្គំ ដ្បិតទូលបង្គំ ជាបាវបំរើនៃទ្រង់ បានសំរេចថា នឹងចងកែបលាជិះទៅជាមួយនឹងព្រះករុណាដែរ ពីព្រោះទូលបង្គំជាមនុស្សខ្វិនជើង
27 តែវាបានទូលបង្កាច់ទូលបង្គំ ជាបាវបំរើ នៅចំពោះទ្រង់វិញ ឯព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ទ្រង់ដូចជាទេវតានៃព្រះហើយ ដូច្នេះ សូមទ្រង់សំរេចតាមតែព្រះហឫទ័យចុះ
28 ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ ប៉ុន្តែ ទ្រង់បានប្រោសដំរូវឲ្យទូលបង្គំ ជាបាវបំរើនៃទ្រង់ បាននៅក្នុងពួកនាក់ដែលបរិភោគ នៅតុរបស់ទ្រង់ ដូច្នេះ តើទូលបង្គំនៅមានច្បាប់អ្វី និងស្រែករកព្រះករុណាទៀត
29 ស្តេចទ្រង់មានព្រះបន្ទូលតបថា អ្នកនៅនិយាយពីរឿងអ្នកទៀតធ្វើអី យើងសំរេចថា ចូរឲ្យអ្នក និងស៊ីបាបែងចែកស្រែចំការគ្នាទៅ
30 មភីបូសែតទូលឆ្លើយថា ឲ្យគេយកទាំងអស់ទៅចុះ ពីព្រោះព្រះករុណាជាព្រះអម្ចាស់ បានវិលមកឯដំណាក់ ដោយសុខសាន្តហើយ។
31 ឯបារស៊ីឡាយ ជាពួកកាឡាត លោកចុះពីក្រុងរ៉ូគីលីម មកឆ្លងទន្លេយ័រដាន់ ដើម្បីនឹងជូនស្តេចទៅត្រើយម្ខាងដែរ