ម៉ាថាយ 16:11-17 KHOV

11 ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ​ថា មិន​មែន​ពី​នំបុ័ង​ដែល​ខ្ញុំ​ប្រាប់​ឲ្យ​ប្រយ័ត្ន ពី​ដំបែ​របស់​ពួក​ផារី‌ស៊ី និង​ពួក​សាឌូស៊ី​នោះ​ទេ

12 នោះ​ទើប​គេ​បាន​យល់​ថា មិន​មែន​ពី​ដំបែ​នំបុ័ង ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​គេ​ប្រយ័ត្ន​ទេ គឺ​ពី​លទ្ធិ​របស់​ពួក​ផារី‌ស៊ី និង​ពួក​សាឌូស៊ី​វិញ។

13 កាល​ព្រះ‌យេស៊ូវ បាន​យាង​មក​ដល់​ក្រវល់​ក្រុង​សេសារា-ភីលីព​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សាក‌សួរ​ពួក​សិស្ស​ថា តើ​មនុស្ស​ទាំង‌ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា

14 ពួក​សិស្ស​ទូល​ឆ្លើយ​ថា ខ្លះ​ថា​ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​យេរេមា ឬ​ហោរា​ណា​មួយ

15 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា

16 ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់

17 រួច​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​ជា​សាច់​ឈាម ដែល​បាន​សំដែង​ឲ្យ​អ្នក​ស្គាល់​ទេ គឺ​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ