42 ទូលបង្គំដឹងថា ទ្រង់អនុញ្ញាតតាមទូលបង្គំជាដរាប តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាមនុស្សដែលឈរនៅជុំវិញទេ ដើម្បីឲ្យគេជឿថា ទ្រង់បានចាត់ឲ្យទូលបង្គំមកមែន
43 កាលទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក
44 នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ។
45 ដូច្នេះ កាលពួកសាសន៍យូដា ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវធ្វើ នោះមានគ្នាជាច្រើនជឿដល់ទ្រង់
46 តែមានខ្លះទៅជំរាបដល់ពួកផារិស៊ី ពីការដែលព្រះយេស៊ូវបានធ្វើ
47 នោះពួកសង្គ្រាជ និងពួកផារិស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា តើយើងត្រូវធ្វើដូចម្តេច ព្រោះមនុស្សនេះធ្វើទីសំគាល់ច្រើនណាស់
48 បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះទៅ នោះមុខជាមនុស្សទាំងអស់នឹងជឿតាមវាហើយ រួចសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក និងជាតិយើងផង