18 ខ្ញុំមិនមែននិយាយពីអ្នករាល់គ្នាទាំងអស់ទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានរើស ប៉ុន្តែបទគម្ពីរដែលថា «អ្នកដែលបរិភោគនំបុ័ង ជាមួយនឹងទូលបង្គំ នោះបានលើកកែងជើង ទាស់នឹងទូលបង្គំវិញ» ពាក្យនោះត្រូវតែបានសំរេច
19 ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីឥឡូវនេះ មុនដែលការនោះកើតមក ដើម្បីកាលណាបានកើតមកដល់ នោះឲ្យអ្នករាល់គ្នាបានជឿថា គឺខ្ញុំនេះហើយ
20 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ។
21 កាលព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនោះរួចហើយ នោះទ្រង់មានព្រះហឫទ័យតប់ប្រមល់ ហើយក៏ធ្វើបន្ទាល់ថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានពួកអ្នករាល់គ្នាម្នាក់នឹងបញ្ជូនខ្ញុំ
22 ដូច្នេះ ពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក មិនដឹងជាទ្រង់មានព្រះបន្ទូលពីអ្នកណាទេ
23 មានសិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ គាត់អង្គុយនៅតុ ផ្អែកលើព្រះឧរាទ្រង់
24 ដូច្នេះ ស៊ីម៉ូន-ពេត្រុសក៏ធ្វើគ្រឿងសំគាល់ ឲ្យអ្នកនោះទូលសួរព្រះយេស៊ូវ អំពីអ្នកណាដែលទ្រង់មានព្រះបន្ទូលនោះ