10 តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ
11 ចូរជឿខ្ញុំថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ ពុំនោះសោត ឲ្យជឿខ្ញុំដោយព្រោះការទាំងនោះឯងចុះ
12 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា
13 ហើយការអ្វីក៏ដោយ ដែលអ្នករាល់គ្នានឹងសូម ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ ដើម្បីឲ្យព្រះវរបិតាបានដំកើងឡើងក្នុងព្រះរាជបុត្រា
14 បើអ្នករាល់គ្នានឹងសូមអ្វី ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ។
15 បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ
16 នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ