6 ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ
7 ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្តីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ
8 ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ
9 ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន
10 ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។
11 ដូច្នេះ ចូរនឹកចាំថា កាលពីដើមអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាម ដែលពួកទទួលកាត់ស្បែកក្នុងសាច់ ដោយដៃមនុស្ស គេហៅអ្នករាល់គ្នាជាពួកមិនកាត់ស្បែកវិញ
12 នៅវេលានោះ អ្នករាល់គ្នានៅទីទៃពីព្រះគ្រីស្ទ ក៏ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលទ្រង់បានសន្យាទុក ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ