10 ឯព្រះដែលយាងចុះទៅនោះ គឺជាព្រះដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យទ្រង់បានគង់នៅពេញគ្រប់ទាំងអស់
11 ហើយទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន
12 ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង
13 ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្តីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ
14 ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្តីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្តីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ
15 តែដោយកាន់តាមសេចក្តីពិតដោយសេចក្តីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ
16 ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់។