កិច្ចការ 13:33-39 KCB

33 ថា​ព្រះជាម្ចាស់​បាន​សម្រេច​សេចក្ដី​សន្យា​នេះ​ដល់​យើង​ ជា​កូនចៅ​របស់​ពួកគាត់​ដោយ​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ ដូច​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​ទំនុក​តម្កើង​ជំពូក​ទី​ពីរ​ថា​ អ្នក​ជា​កូន​របស់​យើង​ យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ​

34 ហើយ​ការ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ដោយ​មិន​ឲ្យ​ត្រលប់​ទៅ​ឯ​សេចក្ដី​ពុក​រលួយ​ទៀត​ នោះ​ព្រះអង្គ​បាន​មាន​បន្ទូល​យ៉ាង​ដូច្នេះ​ថា​ យើង​នឹង​ប្រទាន​សេចក្ដី​មេត្ដា​ករុណា​ស្មោះត្រង់​ ដែល​បាន​សន្យា​ជាមួយ​ដាវីឌ​ដល់​អ្នក​រាល់គ្នា។​

35 ដូច្នេះ​ហើយ​ព្រះជាម្ចាស់​មាន​បន្ទូល​នៅ​ក្នុង​ទំនុក​តម្កើង​ផ្សេង​ទៀត​ដែរ​ថា​ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​សេចក្ដី​ពុក​រលួយ​ឡើយ។​

36 ដ្បិត​ស្ដេច​ដាវីឌ​ ពេល​បាន​បម្រើ​នៅ​ក្នុង​ជំនាន់​របស់​ខ្លួន​តាម​បំណង​របស់​ព្រះជាម្ចាស់​រួច​ហើយ​ ស្ដេច​ក៏​ស្លាប់​ទៅ​ ហើយ​គេ​បាន​បញ្ចុះ​សព​ស្ដេច​នៅ​ជាមួយ​ដូនតា​ រួច​បាន​ជួប​នឹង​សេចក្ដី​ពុក​រលួយ​

37 ប៉ុន្ដែ​ព្រះ​មួយ​អង្គ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ មិន​បាន​ជួប​សេចក្ដី​ពុក​រលួយ​ទេ។​

38 ដូច្នេះ​ បងប្អូន​អើយ!​ សូម​យល់​អំពី​សេចក្ដី​នេះ​ថា​ តាមរយៈ​ព្រះយេស៊ូ​ ការ​លើកលែង​ទោស​បាប​ត្រូវ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​

39 ហើយ​ដោយសារ​ព្រះអង្គ​ អស់​អ្នក​ដែល​ជឿ​ក៏​បាន​រាប់​ជា​សុចរិត​ពី​គ្រប់​ការ​ទាំង​អស់​ ដែល​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​អ្នក​រាល់គ្នា​មិន​អាច​ត្រូវ​រាប់​ជា​សុចរិត​បាន​ឡើយ។​