កិច្ចការ 25:5-11 KCB

5 ដូច្នេះ​ គាត់​ក៏​និយាយ​ថា៖​ «​ បើសិន​ជា​បុរស​នោះ​មាន​កំហុស​អ្វី​ សូម​ឲ្យ​ពួក​អ្នក​មាន​ឥទ្ធិពល​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ​ ដើម្បី​ឲ្យ​ពួកគេ​ចោទប្រកាន់​គាត់​ចុះ»។​

6 ពេល​បាន​ស្នាក់នៅ​ជាមួយ​ពួកគេ​មិន​លើស​ពី​ប្រាំបី​ ឬ​ដប់​ថ្ងៃ​ លោក​ភេស្ទុស​ក៏​ចុះ​ទៅ‍​ឯ​ក្រុង​សេសារា​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​អង្គុយ​ក្នុង​សាលា​ក្ដី​ បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក​

7 ពេល​លោក​ប៉ូល​មក​ដល់​ ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូសាឡិម​ ក៏​ឈរ​ព័ទ្ធ​ជុំវិញ​លោក​ប៉ូល​ ទាំង​ធ្វើ​ការ​ចោទប្រកាន់​ធ្ងន់ៗ​ច្រើន​ករណី​ទាស់​នឹង​គាត់​ ដែល​ពួកគេ​មិន​អាច​បង្ហាញ​ភស្ដុតាង​បាន​ឡើយ​

8 ប៉ុន្ដែ​លោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ថា៖​ «ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​គម្ពីរ​វិន័យ​របស់​ពួក​ជនជាតិ​យូដា​ ឬ​ព្រះ​វិហារ ឬ​ព្រះចៅ​អធិរាជ​ឡើយ»។​

9 ប៉ុន្ដែ​ ដោយ​លោក​ភេស្ទុស​ចង់​ផ្គាប់ចិត្ដ​ពួក​ជនជាតិ​យូដា​ ក៏​សួរ​ចម្លើយ​ទៅ​លោក​ប៉ូល​ថា៖​ «តើ​អ្នក​សុខចិត្ដ​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ ដើម្បី​ឲ្យ​ខ្ញុំ​ជំនុំជម្រះ​អំពី​រឿង​ក្ដី​ទាំង​នេះ​នៅ​ទី​នោះ​ដែរ​ឬ​ទេ?​»

10 ពេល​នោះ​ លោក​ប៉ូល​ឆ្លើយ​ថា៖​ «ដូច​ដែល​លោក​ដឹង​ច្បាស់​ហើយ​ថា​ ខ្ញុំ​បាន​ឈរ​នៅ​ចំពោះ​មុខ​សាលា​ក្ដី​របស់​ព្រះចៅ​អធិរាជ​ហើយ​ ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទទួល​ការ​ជំនុំជម្រះ​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ពួក​ជនជាតិ​យូដា​ឡើយ​

11 បើសិន​ខ្ញុំ​ធ្វើ​ខុស​ ឬ​ធ្វើ​អ្វី​មួយ​សម​ស្លាប់​មែន​នោះ​ ខ្ញុំ​មិន​រួញរា​នឹង​ស្លាប់​ឡើយ​ ប៉ុន្ដែ​បើ​សេចក្ដី​ដែល​អ្នក​ទាំង​នេះ​ចោទ​ប្រកាន់​ខ្ញុំ​គ្មាន​ហេតុផល​ទេ​នោះ​ គ្មាន​អ្នកណា​ម្នាក់​អាច​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​​ពួកគេ​បាន​ឡើយ​ ខ្ញុំ​សូម​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅ​អធិរាជ»។​