17 អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យនំម៉ាណាដែលបានលាក់ទុកដល់អ្នកនោះ ហើយយើងនឹងឲ្យក្រួសសមួយដល់អ្នកនោះ នៅលើក្រួសនោះមានសរសេរឈ្មោះថ្មីមួយ ដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកដែលបានទទួលប៉ុណ្ណោះ»។
18 «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះនេត្រដូចជាអណ្ដាតភ្លើង និងបាទាដូចជាលង្ហិនដ៏ភ្លឺរលោង មានបន្ទូលដូច្នេះថា
19 យើងស្គាល់ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ ការបម្រើ និងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា ការប្រព្រឹត្ដិរបស់អ្នកនៅគ្រាចុងក្រោយនេះប្រសើរជាងមុនទៅទៀត
20 ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីនេះ គឺអ្នកបានបណ្ដោយឲ្យយេសិបិលជាស្រ្ដីដែលហៅខ្លួនឯងថាជាអ្នកនាំព្រះបន្ទូល បង្រៀន ហើយនាំពួកបាវបម្រើរបស់យើងឲ្យវង្វេងទៅប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ និងបរិភោគសំណែនដល់រូបព្រះទៀតផង
21 យើងបានផ្ដល់ឱកាសឲ្យនាងប្រែចិត្ដ ប៉ុន្ដែនាងមិនចង់ប្រែចិត្ដពីអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងឡើយ។
22 មើល៍ យើងនឹងបោះនាងទៅលើគ្រែ ហើយបោះពួកអ្នកដែលប្រព្រឹត្ដអំពើផិតក្បត់ជាមួយនាងទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកលែងតែពួកគេប្រែចិត្តពីការប្រព្រឹត្ដិរបស់នាង។
23 យើងនឹងសម្លាប់កូនចៅរបស់នាង រីឯក្រុមជំនុំទាំងអស់នឹងដឹងថា យើងនេះហើយដែលឈ្វេងយល់ពីចិត្ដគំនិត ហើយយើងនឹងសងអ្នករាល់គ្នាតាមការប្រព្រឹត្ដិរៀងៗខ្លួន