វិវរណៈ 20:7-13 KCB

7 លុះ​គ្រប់​មួយពាន់​ឆ្នាំ​ហើយ​ អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ដោះ​លែង​ពី​កន្លែង​ឃុំឃាំង​

8 ហើយ​វា​នឹង​ចេញ​ទៅ​បោក​បញ្ឆោត​ជនជាតិ​ទាំងឡាយ​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ គឺ​ពួក​កុក​ និង​ពួក​ម៉ាកុក​ដើម្បី​ប្រមូល​ពួកគេ​មក​ច្បាំង។​ ពួកគេ​មាន​ចំនួន​ដូច​ជា​ខ្សាច់​សមុទ្រ។​

9 ពួកគេ​ក៏​ទ្បើង​ទៅ​ពាស​ពេញ​លើ​ផែនដី​ ហើយ​ទ្បោមព័ទ្ធ​ជំរុំ​របស់​ពួក​បរិសុទ្ធ​ និង​ទី​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​ ប៉ុន្ដែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ ហើយ​ឆេះ​បំផ្លាញ​ពួកគេ​អស់​ទៅ​

10 រីឯ​អារក្ស​សាតាំង​ដែល​បោក​បញ្ឆោត​ពួកគេ​ ត្រូវ​បាន​បោះ​ទៅ​ក្នុង​បឹងភ្លើង​ និង​ស្ពាន់ធ័រ​ ជា​កន្លែង​ដែល​សត្វ​សាហាវ​នោះ​ និង​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ក៏​នៅ​ទី​នោះ​ដែរ​ ហើយ​ពួកវា​នឹង​ត្រូវ​ទទួល​ទារុណកម្ម​ទាំង​យប់​ទាំង​ថ្ងៃ​អស់កល្ប​ជានិច្ច។​

11 បន្ទាប់​មក​ ខ្ញុំ​បាន​ឃើញ​បល័្លង្ក​ស​មួយ​យ៉ាង​ធំ​ និង​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ដែរ​ រីឯ​ផែនដី​ និង​ផ្ទៃ​មេឃ​ក៏​រត់​គេច​ពី​ព្រះភក្រ្ដ​របស់​ព្រះអង្គ​ទៅ​ ហើយ​ឥត​ឃើញ​មាន​កន្លែង​ណា​ទៀត​សម្រាប់​ពួកវា​ឡើយ។​

12 ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់​ទាំង​តូច​ ទាំង​ធំ​ ឈរ​នៅ​ពី​មុខ​បល្ល័ង្ក​ ហើយ​សៀវភៅ​ជា​ច្រើន​ក៏​ត្រូវ​បាន​បើក​ឡើង​ រួច​សៀវភៅ​មួយ​ទៀត​ដែល​ជា​បញ្ជី​ជីវិត​ ក៏​ត្រូវ​បាន​បើក​ឡើង​ដែរ។​ ពួក​មនុស្ស​ស្លាប់​ត្រូវ​បាន​ជំនុំ​ជម្រះ​ពី​ការ​ទាំងឡាយ​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទាំង​នោះ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ។​

13 សមុទ្រ​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​វា​ រីឯ​សេចក្ដី​ស្លាប់​ និង​ស្ថាននរក​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​វា​ មក​វិញ​ដែរ​ ហើយ​ពួកគេ​ម្នាក់ៗ​ត្រូវ​បាន​ជំនុំ​ជម្រះ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ។​