1 ដ្បិតគម្ពីរវិន័យមានតែស្រមោលនៃសេចក្ដីល្អដែលត្រូវមកប៉ុណ្ណោះ មិនមែនជារូបពិតនៃសេចក្ដីនោះទេ ដូច្នេះគម្ពីរវិន័យមិនអាចធ្វើឲ្យពួកអ្នកដែលចូលមកដោយថ្វាយយញ្ញបូជាដដែលៗរៀងរាល់ឆ្នាំឥតឈប់ឈរនោះ បានគ្រប់លក្ខណ៍ឡើយ
2 ហើយប្រសិនបើអាចមែន នោះពួកអ្នកបម្រើមុខជាឈប់ថ្វាយយញ្ញបូជាទៀតហើយ ព្រោះកាលណាពួកគេបានស្អាតម្ដងហើយ ពួកគេមុខជាលែងមានអារម្មណ៍ថាខ្លួនមានបាបទៀតហើយ
3 ផ្ទុយទៅវិញ ការថ្វាយយញ្ញបូជានោះរំលឹកពួកគេឲ្យនឹកឃើញពីបាបជារៀងរាល់ឆ្នាំ
4 ព្រោះឈាមគោឈ្មោល និងពពែឈ្មោលមិនអាចដកយកបាបចេញបានទេ។
5 ហេតុនេះហើយ នៅពេលព្រះគ្រិស្ដយាងមកក្នុងពិភពលោកនេះ ព្រះអង្គមានបន្ទូលថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយឡើយ ប៉ុន្ដែព្រះអង្គបានរៀបចំរូបកាយមួយសម្រាប់ខ្ញុំ
6 ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬតង្វាយលោះបាបឡើយ
7 ដូច្នេះហើយបានជាខ្ញុំទូលថា ឱព្រះជាម្ចាស់អើយ! មើល៍ ខ្ញុំបានមកដើម្បីធ្វើតាមបំណងរបស់ព្រះអង្គ ស្របតាមសេចក្ដីដែលបានចែងទុកនៅក្នុងកណ្ឌគម្ពីរមួយអំពីខ្ញុំស្រាប់»។
8 នៅខាងលើ ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនចង់បានយញ្ញបូជា តង្វាយ តង្វាយដុត និងតង្វាយលោះបាប ហើយក៏មិនសព្វព្រះហឫទ័យនឹងតង្វាយដែលគេថ្វាយតាមគម្ពីរវិន័យឡើយ
9 បន្ទាប់មក ព្រះអង្គក៏មានបន្ទូលថា មើល៍ ខ្ញុំបានមកដើម្បីធ្វើតាមបំណងរបស់ព្រះអង្គ។ ដូច្នេះហើយព្រះអង្គលុបរបៀបមុនចោល ដើម្បីតាំងរបៀបថ្មី។
10 ដោយសារបំណងរបស់ព្រះអង្គនេះហើយ បានជាយើងត្រូវបានញែកជាបរិសុទ្ធតាមរយៈរូបកាយរបស់ព្រះយេស៊ូគ្រិស្ដ ដែលព្រះអង្គថ្វាយតែមួយដងជាការស្រេច។
11 សង្ឃគ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនរៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗម្ដងហើយម្ដងទៀតដែលមិនអាចដកយកបាបចេញបានឡើយ
12 រីឯព្រះគ្រិស្ដវិញ បន្ទាប់ពីបានថ្វាយយញ្ញបូជាតែមួយដែលនៅអស់កល្បសម្រាប់បាបរួចមក ព្រះអង្គក៏គង់នៅខាងស្តាំព្រះជាម្ចាស់
13 ទាំងរង់ចាំតាំងពីពេលនោះមក រហូតដល់ព្រះជាម្ចាស់ដាក់ខ្មាំងសត្រូវរបស់ព្រះអង្គជាកំណល់បាទារបស់ព្រះអង្គ។
14 ដ្បិតដោយសារតង្វាយតែមួយនេះ ព្រះអង្គធ្វើឲ្យពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធបានគ្រប់លក្ខណ៍អស់កល្បជានិច្ច។
15 រីឯព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ប្រាប់យើងអំពីការនេះដែរ គឺក្រោយពីព្រះអង្គមានបន្ទូលថា៖
16 «ព្រះអម្ចាស់មានបន្ទូលថា នេះជាកិច្ចព្រមព្រៀងដែលយើងនឹងតាំងជាមួយពួកគេ នៅក្រោយថ្ងៃទាំងនោះ គឺយើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងចិត្ដរបស់ពួកគេ ទាំងចារឹកក្នុងគំនិតរបស់ពួកគេផង»
17 ព្រះអង្គក៏មានបន្ទូលទៀតថា៖ «យើងមិននឹកចាំពីបាប និងសេចក្ដីទុច្ចរិតរបស់ពួកគេទៀតឡើយ»។
18 ទីណាមានការលើកលែងទោសឲ្យរួចពីសេចក្ដីទាំងនេះ ទីនោះគ្មានតង្វាយសម្រាប់បាបទៀតឡើយ។
19 ហេតុនេះបងប្អូនអើយ! យើងមានសេចក្ដីក្លាហានចូលក្នុងទីបរិសុទ្ធបំផុត ដោយសារឈាមរបស់ព្រះយេស៊ូ
20 និងដោយសារផ្លូវថ្មី ជាផ្លូវដ៏រស់ ដែលព្រះអង្គបានរៀបចំឲ្យយើងឆ្លងកាត់វាំងននដែលជារូបសាច់របស់ព្រះអង្គ
21 ហើយដោយសារយើងមានសង្ឃមួយអង្គដ៏ធំដែលគ្រប់គ្រងលើដំណាក់របស់ព្រះជាម្ចាស់
22 នោះចូរឲ្យយើងចូលទៅជិតព្រះជាម្ចាស់ដោយចិត្ដស្មោះត្រង់ និងជំនឿជឿជាក់ ទាំងមានចិត្ដដែលបានប្រោះសំអាតពីមនសិការអាក្រក់ និងរូបកាយដែលបានលាងសំអាតដោយទឹកដ៏ស្អាតផង។
23 ចូរឲ្យយើងកាន់សេចក្ដីសង្ឃឹមដែលយើងប្រកាសនោះយ៉ាងខ្ជាប់ខ្ជួនឥតរង្គើឡើយ ដ្បិតព្រះជាម្ចាស់ដែលបានសន្យា ព្រះអង្គស្មោះត្រង់
24 ហើយចូរឲ្យយើងយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ដើម្បីជួយលើកទឹកចិត្ដឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្ដិល្អ។
25 កុំឲ្យយើងបោះបង់ចោលការជួបជុំគ្នាដូចជាអ្នកខ្លះមានទម្លាប់នោះឡើយ ផ្ទុយទៅវិញ ចូរឲ្យយើងលើកទឹកចិត្តគ្នាកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថាថ្ងៃរបស់ព្រះអម្ចាស់មកជិតដល់ហើយ
26 ដ្បិតបន្ទាប់ពីយើងបានទទួលចំណេះដឹងខាងឯសេចក្ដីពិតហើយ ប៉ុន្ដែនៅតែប្រព្រឹត្ដបាបដោយចេតនាទៀត នោះគ្មានយញ្ញបូជាណាសម្រាប់បាបទៀតទេ
27 មានតែរង់ចាំដោយភ័យរន្ធត់ចំពោះការជំនុំជម្រះ និងភ្លើងដ៏សន្ធោសន្ធៅដែលត្រៀមនឹងឆេះបំផ្លាញពួកអ្នកប្រឆាំងប៉ុណ្ណោះ។
28 អ្នកដែលបដិសេធគម្ពីវិន័យរបស់លោកម៉ូសេដោយមានបន្ទាល់របស់សាក្សីពីរ ឬបីនាក់ អ្នកនោះត្រូវស្លាប់ដោយឥតប្រណីឡើយ
29 ចុះទម្រាំអ្នកដែលជាន់ឈ្លីព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយចាត់ទុកឈាមនៃកិច្ចព្រមព្រៀងដែលបានញែកខ្លួនគេជាបរិសុទ្ធជារបស់មិនស្អាត ព្រមទាំងមើលងាយព្រះវិញ្ញាណនៃព្រះគុណវិញ តើអ្នករាល់គ្នាគិតថា គេសមនឹងទទួលទោសធ្ងន់ធ្ងរយ៉ាងណាទៅ?
30 ដ្បិតយើងស្គាល់ព្រះអង្គដែលបានមានបន្ទូលថា៖ «ការសងសឹកស្រេចលើយើង យើងនឹងតបស្នងពួកគេវិញ»។ ព្រះអង្គមានបន្ទូលទៀតថា៖ «ព្រះអម្ចាស់នឹងជំនុំជម្រះរាស្ដ្ររបស់ព្រះអង្គ»។
31 ការធ្លាក់ក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ជាការគួរឲ្យភ័យខ្លាចណាស់។
32 ដូច្នេះ ចូរនឹកចាំពីគ្រាមុន គឺក្រោយពីអ្នករាល់គ្នាបានទទួលពន្លឺ ពេលនោះអ្នករាល់គ្នាបានស៊ូទ្រាំនឹងការតយុទ្ធយ៉ាងខ្លាំងនៅក្នុងការរងទុក្ខលំបាក
33 ពេលខ្លះអ្នករាល់គ្នាត្រូវគេប្រមាថមើលងាយ ព្រមទាំងត្រូវគេធ្វើបាបនៅទីប្រជុំជន ហើយពេលខ្លះទៀត អ្នករាល់គ្នាបានរួមចំណែកជាមួយអស់អ្នកដែលរងអំពើដូច្នោះដែរ
34 ព្រោះអ្នករាល់គ្នាមានចិត្ដអាណិតអាសូរអស់អ្នកដែលជាប់ឃុំឃាំង ហើយសុខចិត្ដឲ្យគេរឹបអូសទ្រព្យសម្បត្ដិរបស់ខ្លួនដោយអំណរ ដោយដឹងថាខ្លួនមានទ្រព្យសម្បត្ដិដ៏ប្រសើរជាងនោះ ហើយនៅស្ថិតស្ថេររហូត។
35 ដូច្នេះ ចូរអ្នករាល់គ្នាកុំបោះបង់ការជឿជាក់ដែលមានរង្វាន់ធំនេះឡើយ
36 ដ្បិតអ្នករាល់គ្នាត្រូវមានការអត់ធ្មត់ ដើម្បីក្រោយពីធ្វើតាមបំណងរបស់ព្រះជាម្ចាស់រួចហើយ អ្នករាល់គ្នានឹងទទួលបានអ្វីៗតាមសេចក្ដីសន្យា
37 ព្រោះនៅតែបន្ដិចទៀតប៉ុណ្ណោះ ព្រះអង្គដែលត្រូវយាងមកនឹងយាងមកដល់ ព្រះអង្គមិនបង្អែបង្អង់ឡើយ
38 ប៉ុន្ដែមនុស្សសុចរិតរបស់យើងនឹងរស់នៅដោយសារជំនឿ ហើយបើគេដកខ្លួនថយ នោះយើងមិនពេញចិត្ដនឹងគេឡើយ។
39 យើងមិនមែនជាអ្នកដែលដកខ្លួនថយដែលនាំឲ្យវិនាសឡើយ ផ្ទុយទៅវិញយើងជាអ្នកដែលមានជំនឿដែលនាំឲ្យបានជីវិត។