1 ហេតុនេះ ដោយសារយើងបានទទួលសេចក្ដីមេត្ដាករុណា ទើបយើងមានមុខងារបម្រើនេះ យើងមិនរសាយចិត្ដទេ
2 ប៉ុន្ដែយើងលះបង់អំពើលាក់កំបាំងទាំងឡាយដែលគួរខ្មាស ហើយមិនរស់នៅដោយមានល្បិចកល ឬបំភ្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ យើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សគ្រប់គ្នា ដោយបើកសំដែងអំពីសេចក្ដីពិតនៅចំពោះព្រះជាម្ចាស់
3 បើដំណឹងល្អរបស់យើងត្រូវបានលាក់បាំងមែន នោះគឺត្រូវបានលាក់បាំងនៅក្នុងចំណោមពួកអ្នកដែលកំពុងវិនាស
4 ជាពួកអ្នកដែលព្រះនៃលោកិយនេះបានធ្វើឲ្យគំនិតរបស់ពួកអ្នកគ្មានជំនឿទៅជាងងឹត ដើម្បីកុំឲ្យពន្លឺដំណឹងល្អនៃសិរីរុងរឿងរបស់ព្រះគ្រិស្ដដែលជារូបអង្គរបស់ព្រះជាម្ចាស់បានចែងចាំងឡើយ
5 ព្រោះយើងមិនប្រកាសអំពីខ្លួនយើងទេ គឺអំពីព្រះយេស៊ូគ្រិស្ដដ៏ជាព្រះអម្ចាស់វិញ ហើយដោយព្រោះព្រះយេស៊ូ ខ្លួនយើងត្រលប់ជាបាវបម្រើអ្នករាល់គ្នា
6 ពីព្រោះព្រះជាម្ចាស់ដែលបានមានបន្ទូលឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ព្រះអង្គបានផ្ដល់ពន្លឺមកក្នុងចិត្ដរបស់យើង ដើម្បីបំភ្លឺការយល់ដឹងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលនៅលើព្រះភក្រ្ដព្រះយេស៊ូគ្រិស្ដ។
7 ដូច្នេះយើងមានទ្រព្យសម្បត្ដិនៅក្នុងភាជនៈដីនេះ ដើម្បីបញ្ជាក់ថា អំណាចដ៏ឧត្ដុង្គឧត្ដមមកពីព្រះជាម្ចាស់ មិនមែនមកពីយើងទេ។
8 យើងត្រូវគេសង្កត់សង្កិនគ្រប់បែបយ៉ាង ប៉ុន្ដែមិនទាន់ទាល់ច្រកទេ ហើយយើងស្មុគស្មាញ ប៉ុន្ដែមិនទាន់ទាល់គំនិតឡើយ
9 ត្រូវគេបៀតបៀន ប៉ុន្ដែមិនទាន់ត្រូវបានបោះបង់ចោលឡើយ ហើយត្រូវគេវាយឲ្យដួល ប៉ុន្ដែមិនទាន់ត្រូវបានសម្លាប់ឡើយ។
10 យើងតែងតែផ្ទុកការសោយទិវង្គតរបស់ព្រះយេស៊ូក្នុងរូបកាយរបស់យើងជានិច្ច ដើម្បីឲ្យជីវិតរបស់ព្រះយេស៊ូបានបង្ហាញឲ្យឃើញតាមរយៈរូបកាយរបស់យើងដែរ
11 ហើយដោយព្រោះព្រះយេស៊ូ យើងដែលនៅរស់នេះត្រូវបានប្រគល់ទៅឯសេចក្ដីស្លាប់ជានិច្ច ដើម្បីឲ្យជីវិតរបស់ព្រះយេស៊ូបានបង្ហាញឲ្យឃើញតាមរយៈរូបកាយរបស់យើងដែលតែងតែស្លាប់នេះ
12 ដូច្នេះហើយបានជាសេចក្ដីស្លាប់ធ្វើការក្នុងយើង ប៉ុន្ដែជីវិតធ្វើការក្នុងអ្នករាល់គ្នាវិញ
13 គឺយើងមានវិញ្ញាណនៃជំនឿតែមួយ ស្របតាមសេចក្ដីដែលបានចែងទុកថា៖ «ខ្ញុំជឿ បានជាខ្ញុំនិយាយ» ដូច្នេះយើងក៏ជឿដែរ បានជាយើងនិយាយ
14 ដោយដឹងថា ព្រះអង្គដែលប្រោសព្រះអម្ចាស់យេស៊ូឲ្យរស់ឡើងវិញ ក៏ប្រោសយើងឲ្យរស់ឡើងវិញជាមួយនឹងព្រះយេស៊ូដែរ ព្រមទាំងឲ្យឈរនៅជាមួយអ្នករាល់គ្នាទៀតផង។
15 ដូច្នេះ អ្វីៗទាំងអស់ជាប្រយោជន៍សម្រាប់អ្នករាល់គ្នាដើម្បីឲ្យព្រះគុណមានកាន់តែហូរហៀរដល់មនុស្សជាច្រើន និងឲ្យមានការអរព្រះគុណកាន់តែច្រើនសម្រាប់ជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែរ។
16 ហេតុនេះ យើងមិនរសាយចិត្ដឡើយ ដ្បិតទោះបីរូបកាយខាងក្រៅរបស់យើងខ្សោយទៅៗក៏ដោយ ក៏មនុស្សខាងក្នុងរបស់យើងត្រូវបានផ្លាស់ប្រែជាថ្មីពីមួយថ្ងៃទៅមួយថ្ងៃ
17 ដ្បិតសេចក្ដីវេទនាដ៏ស្រាលរបស់យើងតែមួយភ្លែតនេះបានធ្វើឲ្យយើងមានសិរីរុងរឿងដ៏លើសលប់អស់កល្បជានិច្ចប្រៀបផ្ទឹមមិនបានឡើយ។
18 ដូច្នេះហើយយើងមិនសម្លឹងមើលអ្វីដែលមើលឃើញទេ គឺអ្វីដែលមើលមិនឃើញវិញ ព្រោះអ្វីដែលមើលឃើញនៅមួយរយៈពេលប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលមើលមិនឃើញនៅអស់កល្បជានិច្ច។