30 ហេតុនេះហើយបានជាយើងប្រឆាំងនឹងពួកព្យាការី ដែលលួចយកពាក្យគ្នាទៅវិញទៅមក ហើយបន្លំថាជាពាក្យរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31 យើងប្រឆាំងនឹងពួកព្យាការីដែលយកពាក្យខ្លួនមកប្រកាស ហើយថាជាពាក្យមកពីយើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
32 យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ព្យាការីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ព្យាការីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
33 ប្រសិនបើប្រជាជននេះ ឬព្យាការី* ឬបូជាចារ្យ*ណាម្នាក់ សួរអ្នកថា “តើព្រះអម្ចាស់មានព្រះបន្ទូលព្រមានពួកយើងពីរឿងអ្វី?” នោះត្រូវឆ្លើយទៅគេវិញថា “ព្រះអម្ចាស់ព្រមានថា ព្រះអង្គនឹងបោះបង់ចោលអ្នករាល់គ្នា”។
34 យើងនឹងដាក់ទោសព្យាការី បូជាចារ្យ ឬប្រជាជនណាដែលពោលថា “ព្រះអម្ចាស់ព្រមានពួកយើង” យើងក៏ដាក់ទោសក្រុមគ្រួសាររបស់គេដែរ។
35 អ្នករាល់គ្នាត្រូវសួរគ្នាទៅវិញទៅមក និងសួរបងប្អូនរបស់ខ្លួនថា “តើព្រះអម្ចាស់ឆ្លើយដូចម្ដេច? ព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេច?”
36 គឺមិនត្រូវពោលពាក្យ “ព្រះអម្ចាស់ព្រមាន” ទៀតឡើយ ដ្បិតអ្នកណាពោលពាក្យនេះ អ្នកនោះនឹងទទួលទោសតាមពាក្យរបស់ខ្លួន។ អ្នករាល់គ្នាបានបង្ខូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ គឺព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃយើង។