អែសរ៉ា 10:6-12 KHSV

6 បន្ទាប់​មក លោក​អែសរ៉ា​ចាក​ចេញ​ពី​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លោក​យ៉ូហាណាន ដែល​ជា​កូន​លោក​អេលីយ៉ាស៊ីប។ នៅ​ទី​នោះ លោក​មិន​ព្រម​ពិសា​អាហារ ឬ​ទឹក​ឡើយ ដ្បិត​លោក​នៅ​តែ​សោក​សង្រេង ដោយ‌សារ​កំហុស​ដ៏​ធ្ងន់​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ។

7 បន្ទាប់​មក​ទៀត គេ​ចេញ​ប្រកាស​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ​នោះ ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។

8 អ្នក​ណា​មិន​ព្រម​មក ក្នុង​រយៈ​ពេល​បី​ថ្ងៃ តាម​សេចក្ដី​សម្រេច​របស់​មេ​ដឹក​នាំ និង​ព្រឹទ្ធា‌ចារ្យ គេ​នឹង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​នោះ ហើយ​បណ្ដេញ​គាត់​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល។

9 ក្នុង​អំឡុង​ពេល​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​បេន‌យ៉ាមីន មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​ទី​ម្ភៃ ក្នុង​ខែ​ទី​ប្រាំ​បួន ប្រជា‌ជន​ទាំង​មូល​អង្គុយ​នៅ​ត្រង់​ទីធ្លា ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ពួក​គេ​ញាប់‌ញ័រ​ជា​ខ្លាំង ព្រោះ​តែ​ព្រឹត្តិ‌ការណ៍​នេះ និង​ព្រោះ​តែ​មាន​ភ្លៀង​ផង។

10 លោក​បូជា‌ចារ្យ​អែសរ៉ា​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​មាន​ទោស។

11 ឥឡូវ​នេះ ចូរ​លន់‌តួ​បាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។ ចូរ​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ញែក​ខ្លួន​ចេញ​ពី​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា ដែល​ជា​សាសន៍​ដទៃ​ផង»។

12 សហគមន៍​ទាំង​មូល​ឆ្លើយ​តប ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!