កិច្ចការ 13:16-22 KCB

16 ដូច្នេះ​ លោក​ប៉ូល​ក៏​ក្រោក​ឡើង​ ទាំង​លើក​ដៃ​ជា​សញ្ញា​ ហើយ​និយាយ​ថា៖​ «ឱ​ជនជាតិ​អ៊ីស្រាអែល​ និង​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​អើយ!​ សូម​ស្ដាប់​ចុះ!​

17 ព្រះ​របស់​ជនជាតិ​អ៊ីស្រាអែល​នេះ​បាន​ជ្រើសរើស​ដូនតា​របស់​យើង​ ហើយ​បាន​លើក​តម្កើង​ជនជាតិ​នេះ​ នៅ​ពេល​ពួកគេ​ស្នាក់នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ​ រួច​ព្រះអង្គ​បាន​នាំ​ពួកគេ​ចេញ​ពី​ស្រុក​នោះ​ ដោយ​ព្រះហស្ដ​ដ៏​មាន​អំណាច។​

18 ព្រះអង្គ​បាន​ទ្រាំទ្រ​នឹង​ពួកគេ​នៅ​ទីរហោឋាន​អស់​រយៈពេល​សែសិប​ឆ្នាំ​

19 ហើយ​ក្រោយពី​បាន​បំផ្លាញ​ជនជាតិ​ទាំង​ប្រាំពីរ​ក្នុង​ស្រុក​កាណាន​រួច​ ព្រះអង្គ​ក៏​ប្រគល់​ស្រុក​នោះ​ដល់​ពួកគេ​ទុក​ជា​មរតក។​

20 ហេតុការណ៍​ទាំង​នោះ​បាន​កើតឡើង​ប្រហែល​បួនរយ​ហាសិប​ឆ្នាំ។​ ក្រោយ​មក​ព្រះអង្គ​បាន​ប្រទាន​ពួក​ចៅហ្វាយ​ដល់​ពួកគេ​រហូត​ដល់​ជំនាន់​លោក​សាំយូអែល​ ដែល​ជា​អ្នក​នាំ​ព្រះបន្ទូល។​

21 បន្ទាប់មក​ គេ​បាន​សុំ​ឲ្យ​មាន​ស្ដេច​ ដូច្នេះ​ ព្រះជាម្ចាស់​ក៏​ប្រទាន​សូល​ ជា​កូន​លោក​គីស​មក​ពី​កុល​សម្ព័ន្ធ​បេនយ៉ាមីន​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួកគេ​សែសិប​ឆ្នាំ។​

22 បន្ទាប់ពី​ព្រះអង្គ​ដក​ស្ដេច​សូល​ចេញ​ ព្រះអង្គ​បាន​លើក​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួកគេ​ ទាំង​មាន​បន្ទូល​សរសើរ​អំពី​ស្ដេច​ដាវីឌ​ថា​ យើង​រក​បាន​ដាវីឌ​ជា​កូន​របស់​អ៊ីសាយ​ គឺ​ជា​មនុស្ស​គាប់​ចិត្ដ​យើង​ណាស់​ ហើយ​ធ្វើ​តាម​បំណង​របស់​យើង​ទាំង​អស់។​