20 ប៉ុន្ដែពេលពួកសិស្សមកចោមរោមគាត់ គាត់ក៏ក្រោកឡើង ហើយចូលទៅក្នុងក្រុងវិញ។ នៅថ្ងៃបន្ទាប់ គាត់ក៏ចេញដំណើរជាមួយលោកបារណាបាសទៅក្រុងឌើបេ។
21 ក្រោយពីពួកគាត់បានប្រកាសដំណឹងល្អនៅក្រុងនោះ និងបានបង្កើតសិស្សជាច្រើនរួចហើយ ពួកគាត់ក៏ត្រលប់ទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអាន់ទីយ៉ូកវិញ
22 ហើយពង្រឹងចិត្ដរបស់ពួកសិស្ស និងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿ ដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។
23 ពេលពួកគាត់បានតែងតាំងឲ្យមានពួកចាស់ទុំសម្រាប់ពួកគេនៅគ្រប់ក្រុមជំនុំ ព្រមទាំងអធិស្ឋានដោយតមអាហាររួចហើយ ពួកគាត់ក៏ប្រគល់ពួកគេដល់ព្រះអម្ចាស់ដែលពួកគេបានជឿ។
24 បន្ទាប់មក ពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកពីស៊ីឌាមកដល់ស្រុកប៉ាមភីលា។
25 ក្រោយពីបានប្រកាសព្រះបន្ទូលនៅក្រុងពើការួចហើយ ពួកគាត់ក៏ចុះទៅក្រុងអាតាលា
26 បន្ទាប់មកពួកគាត់បានចុះសំពៅពីទីនោះឆ្ពោះទៅក្រុងអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានប្រគល់ពួកគាត់ទៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់សម្រាប់កិច្ចការដែលពួកគាត់ទើបនឹងសម្រេចបាននេះ។