19 ដូច្នេះហើយ ខ្ញុំយល់ឃើញថា យើងមិនត្រូវធ្វើឲ្យពួកអ្នកពីក្នុងចំណោមសាសន៍ដទៃ ដែលបានបែរមកឯព្រះជាម្ចាស់ពិបាកឡើយ
20 ផ្ទុយទៅវិញ ត្រូវសរសេរប្រាប់ពួកគេឲ្យចៀសវាងពីសំណែនដែលស្មោកគ្រោកដោយសាររូបព្រះ អំពើអសីលធម៌ខាងផ្លូវភេទ សាច់សត្វដែលសម្លាប់ដោយច្របាច់ក និងឈាម
21 ដ្បិតតាំងពីជំនាន់ដើម មានគេប្រកាសអំពីក្រឹត្យវិន័យរបស់លោកម៉ូសេនៅគ្រប់ក្រុងទាំងអស់ ព្រមទាំងអាននៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ»។
22 ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលយល់ឃើញថា ត្រូវជ្រើសរើសមនុស្សពីក្នុងចំណោមពួកគេដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ ពួកគេក៏ជ្រើសរើសបានលោកយូដាសដែលហៅថាបារសាបាស និងលោកស៊ីឡាសដែលជាអ្នកដឹកនាំក្នុងចំណោមពួកបងប្អូន
23 ហើយពួកគេបានសរសេរសំបុត្រផ្ញើតាមអ្នកទាំងពីរថា៖ «ពួកសាវក និងចាស់ទុំដែលជាបងប្អូន សូមជម្រាបសួរដល់បងប្អូនសាសន៍ដទៃនៅក្នុងក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា
24 ពេលយើងឮថា មានអ្នកខ្លះនៅក្នុងចំណោមយើង ដែលយើងមិនបានអនុញ្ញាត ពួកគេបានចេញទៅរំខានអ្នករាល់គ្នាដោយពាក្យសំដីដែលធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាខ្វល់ខ្វាយ
25 យើងក៏ព្រមព្រៀងគ្នាថា ត្រូវជ្រើសរើសមនុស្ស ហើយចាត់ទៅឯអ្នករាល់គ្នាជាមួយលោកបារណាបាស និងលោកប៉ូលជាទីស្រឡាញ់របស់យើង