21 ពេលឮដូច្នេះហើយ ពួកគេក៏ចូលទៅក្នុងព្រះវិហារពីព្រលឹម ហើយចាប់ផ្ដើមបង្រៀន។ កាលសម្ដេចសង្ឃ និងពួកអ្នកនៅជាមួយបានមកដល់ហើយ ពួកគេក៏កោះហៅក្រុមប្រឹក្សាកំពូល រួមទាំងក្រុមប្រឹក្សារបស់ប្រជាជនអ៊ីស្រាអែលទាំងអស់មក និងបានចាត់គេឲ្យទៅគុកដើម្បីនាំពួកសាវកមក
22 ប៉ុន្ដែកាលពួកឆ្មាំព្រះវិហារបានទៅដល់គុក ពួកគេមិនបានឃើញពួកសាវកនៅក្នុងនោះទេ ដូច្នេះពួកគេក៏ត្រលប់មករាយការណ៍វិញ
23 ថា៖ «យើងបានឃើញគុកចាក់សោជាប់យ៉ាងមាំ ទាំងមានអ្នកយាមឈរនៅមាត់ទ្វារ ប៉ុន្ដែពេលយើងបើកទ្វារទៅ នោះគ្មានឃើញអ្នកណាម្នាក់នៅក្នុងនោះសោះ»។
24 ពេលប្រធានឆ្មាំព្រះវិហារ និងពួកសម្ដេចសង្ឃឮដូច្នោះ ពួកគេគិតមិនយល់ទាល់តែសោះ ចំពោះហេតុការណ៍ដែលបានកើតឡើងដល់ពួកសាវក។
25 ពេលនោះមានម្នាក់បានមករាយការណ៍ប្រាប់ពួកគេថា៖ «មើល៍ ពួកមនុស្សដែលពួកលោកបានចាប់ដាក់គុកនោះ ឥឡូវនេះ ពួកគេកំពុងឈរបង្រៀនប្រជាជននៅក្នុងព្រះវិហារឯណោះ!»
26 ដូច្នេះ ប្រធានឆ្មាំព្រះវិហារ និងពួកឆ្មាំព្រះវិហារ បានចេញទៅនាំពួកសាវកមកដោយគ្មានអំពើហិង្សាទេ ព្រោះពួកគេខ្លាចប្រជាជនគប់ពួកគេនឹងដុំថ្ម។
27 ពេលពួកគេនាំពួកសាវកមកដល់ហើយ ពួកគេក៏ដាក់អ្នកទាំងនោះនៅមុខក្រុមប្រឹក្សាកំពូល ហើយសម្ដេចសង្ឃក៏សួរពួកគេ