31 ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានលើកតម្កើងឲ្យនៅខាងស្ដាំព្រះអង្គ ធ្វើជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះ ដើម្បីប្រទានការប្រែចិត្ដ ព្រមទាំងការលើកលែងទោសបាបដល់ជនជាតិអ៊ីស្រាអែល
32 រីឯយើងជាសាក្សីអំពីហេតុការណ៍នេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះជាម្ចាស់បានប្រទានដល់ពួកអ្នកដែលស្ដាប់បង្គាប់តាមព្រះអង្គក៏ជាសាក្សីដែរ»។
33 ពេលពួកគេឮដូច្នេះ ក៏ខឹងជាខ្លាំង ហើយចង់សម្លាប់ពួកសាវកចោល
34 ប៉ុន្ដែមានអ្នកខាងគណៈផារិស៊ីម្នាក់ឈ្មោះកាម៉ាលាល ជាគ្រូវិន័យ និងជាអ្នកដែលប្រជាជនគ្រប់គ្នាគោរព គាត់បានងើបឈរឡើងនៅក្នុងក្រុមប្រឹក្សាកំពូលនោះ ហើយបានបង្គាប់គេឲ្យយកពួកសាវកទាំងនោះទៅខាងក្រៅបន្ដិចសិន។
35 បន្ទាប់មក គាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ចូរប្រយ័ត្នខ្លួនពីការដែលបងប្អូនប៉ុនប៉ងធ្វើចំពោះអ្នកទាំងនេះ
36 ដ្បិតពេលថ្មីៗកន្លងមកនេះ មានម្នាក់ឈ្មោះធើដាសបានអះអាងធ្វើជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយមនុស្សមួយក្រុមដែលមានគ្នាប្រហែលបួនរយនាក់បានចូលរួមជាមួយអ្នកនោះ ប៉ុន្ដែអ្នកនោះក៏ត្រូវគេសម្លាប់ ហើយពួកអ្នកទាំងឡាយដែលដើរតាមគាត់បានខ្ចាត់ខ្ចាយអស់
37 បន្ទាប់ពីម្នាក់នោះមក មានម្នាក់ទៀតឈ្មោះយូដាសជាអ្នកស្រុកកាលីឡេ បានក្រោកឡើងបះបោរនៅគ្រាធ្វើជំរឿនប្រជាជន គាត់បានអូសទាញមនុស្សមួយចំនួនឲ្យដើរតាមគាត់។ អ្នកនេះក៏វិនាសដែរ ហើយពួកអ្នកដែលដើរតាមគាត់ទាំងឡាយ ក៏ខ្ចាត់ខ្ចាយអស់ដែរ