កូឡូស 2:7-13 KCB

7 ហើយ​ចាក់​ឫស​ និង​ស្អាង​ឡើង​នៅ​ក្នុង​ព្រះអង្គ​ ព្រមទាំង​មាន​ជំនឿ​មាំមួន​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ការ​បង្រៀន​រួច​មក​ហើយ​ ទាំង​អរព្រះគុណ​ឲ្យ​ច្រើន​ឡើង។​

8 ចូរ​ប្រយ័ត្ន​ ក្រែង​លោ​មាន​អ្នកណា​ម្នាក់​ចាប់​អ្នក​រាល់គ្នា​ជា​ឈ្លើយ​ដោយ​ប្រើ​ទស្សនវិជ្ជា​ និង​ពាក្យ​បញ្ឆោត​ឥត​ប្រយោជន៍​ដែល​ស្រប​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​ និង​គោលការណ៍​បឋម​របស់​លោកិយ​នេះ​ ដែល​មិន​ស្រប​តាម​ព្រះគ្រិស្ដ​

9 ដ្បិត​គ្រប់​ទាំង​សេចក្ដី​ពោរពេញ​នៃ​លក្ខណៈ​របស់​ព្រះជាម្ចាស់​ស្ថិត​ជា​រូបរាង​នៅ​ក្នុង​ព្រះគ្រិស្ដ​

10 ហើយ​អ្នក​រាល់គ្នា​ក៏​បាន​ពេញ​នៅ​ក្នុង​ព្រះអង្គ​ដែរ​ ដ្បិត​ព្រះអង្គ​ជា​ព្រះសិរ​លើ​ការ​គ្រប់គ្រង​ និង​សិទ្ធិ​អំណាច​ទាំង​អស់​

11 ហើយ​នៅ​ក្នុង​ព្រះអង្គ​ អ្នក​រាល់គ្នា​ក៏​បាន​ទទួល​ការ​កាត់ស្បែក​ដែរ​ គឺ​មិន​មែន​ជា​ការ​កាត់ស្បែក​ដោយ​ដៃ​មនុស្ស​ទេ‍​ ប៉ុន្ដែ​ជា​ការ​កាត់ស្បែក​ខាង‍​ឯ​ព្រះគ្រិស្ដ​ ដែល​ជា​ការ​ដោះ​រូបកាយ​ខាង​សាច់ឈាម​ចេញ។​

12 អ្នក​រាល់គ្នា​ត្រូវ​បាន​បញ្ចុះ​ជាមួយ​ព្រះគ្រិស្ដ​តាមរយៈ​ពិធី​ជ្រមុជ​ទឹក​ ហើយ​ក៏​បាន​រស់​ឡើង​វិញ​ជាមួយ​ព្រះអង្គ​ដែរ​តាមរយៈ​ជំនឿ​លើ​អានុភាព​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​

13 នៅ​ពេល​អ្នក​រាល់គ្នា​ស្លាប់​នៅ​ក្នុង‍​បាប​ និង​ការ​មិន​កាត់ស្បែក​ខាង​សាច់ឈាម​ ព្រះអង្គ​បាន​ប្រោស​អ្នក​រាល់គ្នា​ឲ្យ​មាន​ជីវិត​រួម​ជាមួយ​ព្រះអង្គ​ ទាំង​លើក​លែង​ទោស​បាប​ទាំង​អស់​របស់​យើង​ផង​