32 គ្រាប់ពូជនោះតូចល្អិតជាងគ្រាប់ពូជណាៗទាំងអស់ ប៉ុន្ដែពេលដុះឡើង វាធំជាងរុក្ខជាតិផ្សេងៗ ហើយវាប្រែជាដើមឈើមួយដើម ដូច្នេះសត្វស្លាបហើរលើអាកាសមកអាស្រ័យនៅតាមមែករបស់វា»។
33 ព្រះអង្គមានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចមួយទៀតថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាមេនំប៉័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់មេនំប៉័ងនោះធ្វើឲ្យម្សៅទាំងអស់ដោរឡើង»។
34 ព្រះយេស៊ូមានបន្ទូលប្រាប់បណ្ដាជនពីសេចក្ដីទាំងអស់នេះជារឿងប្រៀបប្រដូច ក្រៅពីរឿងប្រៀបប្រដូច ព្រះអង្គមិនបានមានបន្ទូលនឹងបណ្ដាជនឡើយ
35 ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងនឹងបើកមាត់យើងនិយាយជារឿងប្រៀបប្រដូច ហើយយើងនឹងនិយាយអំពីសេចក្ដីដែលបានលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមក»។
36 បន្ទាប់មក ព្រះអង្គក៏ចាកចេញពីបណ្ដាជន ហើយយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គទូលថា៖ «សូមបកស្រាយប្រាប់យើងខ្ញុំពីរឿងប្រៀបប្រដូចអំពីស្រែមានស្រងែផង»។
37 ព្រះអង្គមានបន្ទូលឆ្លើយថា៖ «អ្នកព្រោះពូជល្អគឺជាកូនមនុស្ស
38 ឯស្រែគឺជាពិភពលោក ហើយពូជល្អទាំងនេះជាកូននៃនគរព្រះជាម្ចាស់ ឯស្រងែវិញជាកូននៃអារក្សសាតាំង។