ម៉ាថាយ 5:12-18 KCB

12 ចូរ​មាន​អំណរ​ ហើយ​រីករាយ​ជាខ្លាំង​ឡើង​ ដ្បិត​អ្នក​រាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ‍​ស្ថានសួគ៌​ ព្រោះ​គេ​បាន​បៀតបៀន​អ្នក​នាំ​ព្រះបន្ទូល​ដែល​នៅ​មុន​អ្នក​រាល់គ្នា​បែប​ដូច្នោះ​ដែរ។​

13 អ្នក​រាល់គ្នា​ជា​អំបិល​នៃ​ផែនដី​ ប៉ុន្ដែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​វិញ​បាន?​ វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ​ មាន​តែ​បោះ​ចោល​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ​

14 អ្នក​រាល់គ្នា​ជា​ពន្លឺ​នៃ​លោកិយ​ ទី​ក្រុង​ដែល​តាំង​នៅ​លើ​ភ្នំ​មិន​អាច​លាក់​បាំង​បាន​ទេ​

15 ក៏​គ្មាន​អ្នកណា​អុជ​ចង្កៀង​ដាក់​នៅ​ក្រោម​ថាំង​ដែរ​ គឺ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ​ ដើម្បី​ឲ្យ​ភ្លឺ​ដល់​មនុស្ស​ទាំងអស់​នៅ​ក្នុង​ផ្ទះ។​

16 ចូរ​ឲ្យ​ពន្លឺ​អ្នក​រាល់គ្នា​ភ្លឺ​នៅ​ចំពោះ​មុខ​មនុស្ស​យ៉ាង​នោះ​ដែរ​ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់គ្នា​ រួច​សរសើរ​តម្កើង​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​។​

17 កុំ​គិត​ថា​ ខ្ញុំ​មក​បំផ្លាញ​គម្ពីរ​វិន័យ​ ឬ​ពាក្យ​របស់​អ្នក​នាំ​ព្រះបន្ទូល​ឲ្យ​សោះ​ ខ្ញុំ​មិន​មែន​មក​បំផ្លាញ​ទេ​ ប៉ុន្ដែ​ខ្ញុំ​មក​ធ្វើ​ឲ្យ​សម្រេច​វិញ​

18 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ រហូត​ដល់​ផ្ទៃ​មេឃ​ និង​ផែនដី​វិនាស​ទៅ​ ក៏​គ្មាន​សញ្ញា​ក្បៀស​ ឬ​សញ្ញា​បន្តក់​ណា​មួយ​ក្នុង​គម្ពីរ​វិន័យ​ត្រូវ​លុប​បំបាត់​ចោល​ដែរ​ លុះត្រា​តែ​អ្វីៗ​បាន​សម្រេច​ជា​មុន​សិន។​