យ៉ូហាន 6:22-28 KCB

22 នៅ​ថ្ងៃ​បន្ទាប់​ បណ្តាជន​ដែល​នៅ​ត្រើយ​ម្ខាង​នៃ​បឹង​បាន​ដឹង​ថា​ នៅ​ទី​នោះ​គ្មាន​ទូក​ផ្សេង​ទេ​ ក្រៅពី​ទូក​មួយ​នោះ​ ហើយ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​ចេញ​ទៅ​ រីឯ​ព្រះយេស៊ូ​វិញ​ មិន​បាន​ទៅ​ជាមួយ​ពួក​សិស្ស​ទេ។​

23 ពេល​នោះ​ មាន​ទូក​ខ្លះ​ទៀត​មកពី​ក្រុង​ទីបេរាស​ចូល​មក​ជិត​កន្លែង​ដែល​ពួកគេ​បាន​បរិភោគ​នំប៉័ង​ ក្រោយ​ពេល​ព្រះអម្ចាស់​បាន​អរ​ព្រះគុណ​ហើយ​នោះ។​

24 ពេល​បណ្ដាជន​បាន​ឃើញ​ថា​ ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​នៅ​ទី​នោះ​ដូច្នេះ​ ពួកគេ​ក៏​ចុះ​ទូក​ទៅ​ក្រុង​កាពើណិមតាម​រក​ព្រះអង្គ។​

25 ពេល​បាន​ជួប​ព្រះអង្គ​នៅ​ត្រើយ​ម្ខាង​ហើយ​ ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោកគ្រូ!​ លោក​មក​ដល់​ទី​នេះ​ពី​កាលណា?»​

26 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នក​រាល់គ្នា​រក​ខ្ញុំ​នេះ​មិន​មែន​ដោយសារ​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ទេ​ គឺ​ដោយសារ​អ្នក​រាល់គ្នា​បាន​បរិភោគ​នំប៉័ង​ ហើយ​បាន​ឆ្អែត​ប៉ុណ្ណោះ​

27 ចូរ​កុំ​ធ្វើ​ការ​ដើម្បី​តែ​អាហារ​ដែល​នឹង​ខូច​រលួយ​ ប៉ុន្ដែ​ចូរ​ធ្វើ​ការ​ដើម្បី​អាហារ​ដែល​នៅ​ស្ថិតស្ថេរ​ដរាប​ដល់​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​កូន​មនុស្ស​នឹង​ឲ្យ​អ្នក​រាល់គ្នា​ ដ្បិត​ព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​បាន​ដៅ​ព្រះអង្គ​ចំណាំ​ទុក»។​

28 ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះជាម្ចាស់​បាន​ តើ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ?»​