យ៉ូហាន 6:35-41 KCB

35 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ជា​នំប៉័ង​ជីវិត​ អ្នកណា​ដែល​មក​ឯ​ខ្ញុំ​ មិន​ឃ្លាន​ទៀត​ឡើយ​ ហើយ​អ្នកណា​ដែល​ជឿ​លើ​ខ្ញុំ ក៏​មិន​ស្រេក​ទៀត​ដែរ​

36 ប៉ុន្ដែ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ថា​ អ្នក​រាល់គ្នា​បាន​ឃើញ​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ជឿ​ទេ​

37 អស់​អ្នក​ដែល​ព្រះ​វរ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ នឹង​មក​ឯ​ខ្ញុំ​ ហើយ​អស់​អ្នក​ដែល​មក​ឯ​ខ្ញុំ​ ខ្ញុំ​នឹង​មិន​បោះបង់​ចោល​ឡើយ​

38 ព្រោះ​ខ្ញុំ​ចុះ​ពី​ស្ថានសួគ៌​មក​ មិន​មែន​ធ្វើ​តាម​បំណង​របស់​ខ្លួន​ឯង​ទេ​ គឺ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​

39 ហើយ​នេះ​ជា​បំណង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ គឺ​មិន​ឲ្យ​ខ្ញុំ​បាត់បង់​នរណា​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ទេ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ប្រោស​ពួកគេ​ឲ្យរ​ស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​

40 ដ្បិត​នេះ​ហើយ​ជា​បំណង​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ គឺ​ឲ្យ​អស់​អ្នកណា​ដែល​ឃើញ​ព្រះរាជ​បុត្រា​ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ រីឯ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ»។​

41 ពួក​ជនជាតិ​យូដា​ក៏​រអ៊ូ​រទាំ​ដាក់​គ្នា​អំពី​ព្រះយេស៊ូ​ ព្រោះ​ព្រះអង្គ​មាន​បន្ទូល​ថា​ ខ្ញុំ​ជា​នំប៉័ង​ដែល​ចុះ​ពី​ស្ថានសួគ៌។​