14 ដូច្នេះ តើធ្វើដូចម្ដេចឲ្យពួកគេអំពាវនាវរកព្រះអង្គបាន បើពួកគេមិនដែលជឿផង? ហើយឲ្យពួកគេជឿយ៉ាងដូចម្ដេចបាន បើពួកគេមិនដែលឮផង? ហើយឲ្យពួកគេឮយ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាប្រកាសប្រាប់ពួកគេផង?
15 តើឲ្យមានអ្នកប្រកាសយ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាចាត់ឲ្យគេទៅផង? ដូចមានសេចក្ដីចែងទុកថា៖ «ជើងរបស់អ្នកប្រកាសដំណឹងល្អអំពីសេចក្ដីសុខសាន្ដ ល្អប្រពៃណាស់ហ្ន៎!»
16 ប៉ុន្ដែមិនមែនមនុស្សទាំងអស់បានស្ដាប់តាមដំណឹងល្អទេ ព្រោះលោកអេសាយនិយាយថា៖ «ឱព្រះអម្ចាស់អើយ! តើអ្នកណាជឿសេចក្ដីប្រកាសរបស់យើង?»
17 ដូច្នេះ ជំនឿកើតមកពីការឮ ហើយការឮនោះជាការឮអំពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ
18 ប៉ុន្ដែខ្ញុំសូមសួរថា តើពួកគេមិនដែលឮទេឬ? ទេ ពួកគេបានឮប្រាកដណាស់ «សំឡេងនោះបានលាន់ពាសពេញផែនដី ហើយពាក្យសំដីក៏ឮដល់ចុងបំផុតនៃផែនដីទៀតផង»។
19 ហើយខ្ញុំសូមសួរទៀតថា តើជនជាតិអ៊ីស្រាអែលមិនដែលដឹងទេឬ? លោកម៉ូសេបានថ្លែងទុកជាមុនថា៖ «យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែនដោយសារមនុស្សដែលមិនដឹងជាជនជាតិណាមួយ ហើយយើងនឹងធ្វើឲ្យអ្នករាល់គ្នាខឹងដោយសារជនជាតិមួយដែលគ្មានប្រាជ្ញា»។
20 រីឯលោកអេសាយវិញមានចិត្ដក្លាហាន ហើយគាត់បានថ្លែងថា៖ «យើងឲ្យពួកអ្នកដែលមិនបានស្វែងរកយើងបានឃើញយើង ព្រមទាំងបង្ហាញឲ្យពួកអ្នកដែលមិនបានសួររកយើងឃើញយើងដែរ»។