9 ដោយដឹងថា ព្រះគ្រិស្ដបានរស់ពីការសោយទិវង្គតឡើងវិញ ហើយក៏មិនសោយទិវង្គតទៀតឡើយ រីឯសេចក្ដីស្លាប់គ្មានអំណាចលើព្រះអង្គទៀតដែរ
10 ព្រោះការសោយទិវង្គតរបស់ព្រះអង្គ គឺព្រះអង្គបានសោយទិវង្គតខាងឯបាបតែម្ដងជាសម្រេច ហើយចំពោះការដែលព្រះអង្គមានជីវិតរស់ គឺរស់ខាងឯព្រះជាម្ចាស់វិញ
11 ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកដូចជាស្លាប់ខាងឯបាបរួចហើយដែរ ប៉ុន្ដែរស់នៅក្នុងព្រះគ្រិស្ដយេស៊ូខាងឯព្រះជាម្ចាស់វិញ។
12 ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ដើម្បីឲ្យស្ដាប់តាមចំណង់តណ្ហានៃបាបឡើយ
13 ហើយមិនត្រូវប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាឲ្យបាបទុកជាឧបករណ៍បម្រើសេចក្ដីទុច្ចរិតឡើយ ផ្ទុយទៅវិញ ត្រូវថ្វាយខ្លួនដល់ព្រះជាម្ចាស់ ទុកដូចជាបានរស់ពីស្លាប់ឡើងវិញ រួចថ្វាយអវយវៈទាំងឡាយរបស់អ្នករាល់គ្នាដល់ព្រះជាម្ចាស់ទុកជាឧបករណ៍បម្រើសេចក្ដីសុចរិតវិញ
14 ព្រោះបាបលែងត្រួតត្រាលើអ្នករាល់គ្នាទៀតហើយ ព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទៀតទេ គឺនៅក្រោមព្រះគុណវិញ។
15 តើយើងនិយាយយ៉ាងដូចម្ដេច? ដោយព្រោះយើងនៅក្រោមព្រះគុណ ហើយមិននៅក្រោមក្រឹត្យវិន័យ តើឲ្យយើងធ្វើបាបឬ? មិនមែនដូច្នោះទេ!