20 ដូច្នេះ ចូរកុំអរសប្បាយនឹងការដែលពួកអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែចូរអរសប្បាយ ដោយឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកក្នុងស្ថានសួគ៌វិញ»។
21 នៅពេលនោះ ព្រះអង្គមានអំណរជាខ្លាំងដោយសារព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គក៏មានបន្ទូលថា៖ «ឱ ព្រះវរបិតាជាម្ចាស់ស្ថានសួគ៌ និងផែនដីអើយ! ខ្ញុំសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីមនុស្សមានប្រាជ្ញា និងមនុស្សឈ្លាសវៃ តែបើកសំដែងដល់ទារកវិញ មែនហើយ ព្រះវរបិតាអើយ! ដ្បិតព្រះអង្គសព្វព្រះហឫទ័យនឹងការបែបនេះណាស់។
22 ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់ឲ្យខ្ញុំ ហើយគ្មានអ្នកណាស្គាល់ថា ព្រះរាជបុត្រាជាអ្នកណាទេ ក្រៅពីព្រះវរបិតា ហើយក៏គ្មានអ្នកណាស្គាល់ថា ព្រះវរបិតាជាអ្នកណាដែរ ក្រៅពីព្រះរាជបុត្រា និងអស់អ្នកដែលព្រះរាជបុត្រាមានបំណងបើកសំដែងឲ្យស្គាល់ប៉ុណ្ណោះ»។
23 បន្ទាប់មក ព្រះអង្គក៏បែរទៅពួកសិស្ស ហើយមានបន្ទូលដោយឡែកថា៖ «មានពរហើយ ភ្នែកណាឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងឃើញ
24 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនាំព្រះបន្ទូល និងស្ដេចជាច្រើនចង់ឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងឃើញ ហើយចង់ឮអ្វីៗដែលអ្នករាល់គ្នាកំពុងឮ ប៉ុន្ដែគេមិនបានឃើញ និងមិនបានឮឡើយ»។
25 ក្រោយមក មានអ្នកជំនាញច្បាប់ម្នាក់បានក្រោកឈរឡើងល្បងព្រះអង្គថា៖ «លោកគ្រូ តើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីនឹងបានជីវិតអស់កល្បជានិច្ចជាមរតក?»
26 ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «តើក្នុងគម្ពីរវិន័យមានចែងទុកយ៉ាងដូចម្ដេច? តើអ្នកអានយ៉ាងណាដែរ?»