វិវរណៈ 13:10-16 KCB

10 អ្នកណា​ត្រូវ​ជាប់​ជា​ឈ្លើយ​ អ្នក​នោះ​នឹង​ជាប់​ជា​ឈ្លើយ​ អ្នកណា​ត្រូវ​ស្លាប់​ដោយ​ដាវ​ អ្នក​នោះ​នឹង​ស្លាប់​ដោយ​ដាវ។​ នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។​

11 ខ្ញុំ​បាន​ឃើញ​សត្វ​សាហាវ​មួយ​ទៀត​ចេញ​ពី​ដី​មក​ វា​មាន​ស្នែង​ពីរ​ដូច​ជា​កូនចៀម​ ហើយ​វា​និយាយ​ដូច​ជា​នាគ។​

12 វា​ប្រើ​សិទ្ធិ​អំណាច​ទាំង​អស់​របស់​សត្វ​សាហាវ​ទីមួយ​នៅ​ពី​មុខ​សត្វ​សាហាវ​ទីមួយ​ ហើយ​វា​ធ្វើ​ឲ្យ​ផែនដី​ និង​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ថ្វាយបង្គំ​សត្វ​សាហាវ​ទីមួយ​ដែល​របួស​ជិត​ស្លាប់​របស់​វា​បាន​ជា​សះ​ឡើង​វិញ​នោះ។​

13 វា​ធ្វើ​ទី​សំគាល់​ធំៗ​ សូម្បី​តែ​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី​នៅ​មុខ​មនុស្ស​ផង​

14 ហើយ​វា​បោក​បញ្ឆោត​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដោយសារ​ទី​សំគាល់​ដែល​វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​នៅ​ពី​មុខ​សត្វ​សាហាវ​នោះ​ ទាំង​ប្រាប់​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូប​ចម្លាក់​មួយ​សម្រាប់​សត្វ​សាហាវ​ដែល​មាន​របួស​ដោយសារ​ដាវ​ ហើយ​នៅ​មាន​ជីវិត​នោះ។​

15 វា​ក៏​បាន​ទទួល​អំណាច​នឹង​ផ្ដល់​វិញ្ញាណ​ឲ្យ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ​ ដើម្បី​ឲ្យ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ​និយាយ​បាន​ និង​ធ្វើ​ឲ្យ​មនុស្ស​ទាំងឡាយ​ដែល​មិន​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ​ស្លាប់​ផង។​

16 វា​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ ទាំង​តូច​ ​ទាំង​ធំ​ ទាំង​អ្នកក្រ​ ទាំង​អ្នកមាន​ ទាំង​អ្នក​មាន​សេរីភាព ទាំង​បាវបម្រើ​ឲ្យ​ទទួល​សញ្ញា​សំគាល់​មួយ​នៅ​លើ​ដៃ​ស្ដាំ​ ឬ​នៅ​លើ​ថ្ងាស​របស់​ពួកគេ​