16 ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំអើយ! អ្នកបានស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមទុំ ទាំងតុបតែងដោយមាស ត្បូងដ៏មានតម្លៃ និងគជ់
17 ដ្បិតក្នុងរយៈពេលតែមួយម៉ោង ទ្រព្យសម្បត្ដិដ៏ច្រើនដល់ម៉្លេះបានវិនាសអស់»។ រីឯអស់ទាំងអ្នកបើកនាវា ព្រមទាំងអ្នកធ្វើដំណើរតាមនាវា កម្មករនាវា និងពួកអ្នកធ្វើជំនួញតាមផ្លូវទឹកទាំងឡាយបានឈរពីចម្ងាយ
18 ហើយពេលឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ ពួកគេក៏ស្រែកឡើងថា៖ «តើមានក្រុងណាដូចជាក្រុងដ៏ធំនេះ?»
19 ពួកគេក៏បាចធូលីដីលើក្បាលរបស់ខ្លួន ហើយស្រែកឡើង ទាំងទ្រហោយំ និងកាន់ទុក្ខថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំដែលអ្នកមាននាវាទាំងអស់នៅតាមសមុទ្រត្រលប់ជាមានបានដោយសារទ្រព្យសម្បត្ដិរបស់ក្រុងនោះ ដ្បិតក្រុងនោះបានវិនាសអស់ក្នុងរយៈពេលតែមួយម៉ោង!
20 ឱស្ថានសួគ៌ និងពួកបរិសុទ្ធ ពួកសាវក ព្រមទាំងពួកអ្នកនាំព្រះបន្ទូលទាំងឡាយអើយ! ចូរអរសប្បាយដោយសារក្រុងនោះចុះ ដ្បិតព្រះជាម្ចាស់បានជំនុំជម្រះក្រុងនោះឲ្យអ្នករាល់គ្នាហើយ»។
21 ពេលនោះ មានទេវតាដ៏ខ្លាំងពូកែមួយរូបបានលើកថ្មមួយដុំដូចជាថ្មត្បាល់កិនមួយយ៉ាងធំ ហើយទម្លាក់ទៅក្នុងសមុទ្រ ទាំងនិយាយថា៖ «ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ នឹងត្រូវបានទម្លាក់យ៉ាងខ្លាំងដូច្នេះដែរ ក៏គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។
22 សំឡេងរបស់ពួកអ្នកលេងពិណ ពួកអ្នកលេងភ្លេង ពួកអ្នកផ្លុំខ្លុយ និងពួកអ្នកផ្លុំត្រែ លែងមានឮនៅក្នុងអ្នកទៀតហើយ រួចក៏លែងឃើញមានពួកជាងគ្រប់ប្រភេទធ្វើការនៅក្នុងអ្នកទៀតដែរ រីឯសូរត្បាល់កិន នោះក៏លែងមានឮនៅក្នុងអ្នកទៀត។