9 ប៉ុន្ដែយើងឃើញព្រះយេស៊ូដែលព្រះជាម្ចាស់បានធ្វើឲ្យទាបជាងពួកទេវតាតែបន្ដិចប៉ុណ្ណោះ បានទទួលសិរីរុងរឿង និងកិត្តិយសទុកជាមកុដ ព្រោះព្រះអង្គបានរងទុក្ខក្នុងការសោយទិវង្គត ដើម្បីភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់
10 ហើយដើម្បីនាំកូនជាច្រើនមកទទួលសិរីរុងរឿង នោះស័ក្ដិសមឲ្យព្រះជាម្ចាស់ដែលអ្វីៗទាំងអស់បានកើតតាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ ធ្វើឲ្យម្ចាស់នៃសេចក្ដីសង្រ្គោះរបស់ពួកគេបានគ្រប់លក្ខណ៍តាមរយៈការរងទុក្ខលំបាក។
11 ព្រះអង្គដែលញែកមនុស្សជាបរិសុទ្ធ និងអស់អ្នកដែលព្រះអង្គបានញែកជាបរិសុទ្ធមានព្រះវរបិតាតែមួយទេ ហេតុនេះហើយបានជាព្រះអង្គមិនខ្មាសនឹងហៅពួកគេថាបងប្អូនឡើយ
12 គឺព្រះអង្គមានបន្ទូលថា៖ «ខ្ញុំនឹងប្រកាសពីព្រះនាមរបស់ព្រះអង្គដល់បងប្អូនរបស់ខ្ញុំ ហើយខ្ញុំនឹងច្រៀងសរសើរព្រះអង្គនៅកណ្ដាលចំណោមក្រុមជំនុំ»។
13 ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំនឹងទុកចិត្តលើព្រះអង្គ» ហើយមានបន្ទូលទៀតថា៖ «មើល៍ ខ្ញុំ និងកូនៗដែលព្រះជាម្ចាស់ប្រទានមកខ្ញុំ»។
14 ដូច្នេះ ដោយព្រោះកូនៗមានចំណែកនៅក្នុងសាច់ និងឈាម នោះព្រះអង្គក៏ទទួលចំណែកដូច្នោះដែរ ដើម្បីបំផ្លាញអារក្សសាតាំងជាអ្នកដែលមានអំណាចលើសេចក្ដីស្លាប់តាមរយៈការសោយទិវង្គតរបស់ព្រះអង្គ
15 និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករអស់មួយជីវិត ដោយព្រោះខ្លាចសេចក្ដីស្លាប់។