2 ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស គឺជូនចំពោះពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធក្នុងព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធជាមួយមនុស្សទាំងអស់នៅគ្រប់ទីកន្លែងដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់របស់យើង គឺព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់របស់ពួកគេ និងរបស់យើង។
3 សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា។
4 ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់របស់ខ្ញុំជានិច្ចសម្រាប់អ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានដល់អ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូ
5 គឺថា ដោយសារព្រះអង្គ អ្នករាល់គ្នាបានចម្រុងចម្រើនក្នុងគ្រប់ការទាំងអស់ គឺទាំងពាក្យសំដី និងចំណេះដឹងគ្រប់យ៉ាង
6 ដ្បិតសេចក្ដីបន្ទាល់អំពីព្រះគ្រិស្ដបានបញ្ជាក់នៅក្នុងអ្នករាល់គ្នា
7 ដូច្នេះហើយអ្នករាល់គ្នាមិនខ្វះខាតអំណោយទានណាមួយឡើយ ពេលដែលកំពុងទន្ទឹងរង់ចាំការលេចមករបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
8 ព្រះអង្គនឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំដល់ទីបំផុតដោយឥតបន្ទោសបានទៀតផង នៅក្នុងថ្ងៃរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។