ទុតិយ‌កថា 12:23-29 KHSV

23 ប៉ុន្តែ មិន​ត្រូវ​បរិភោគ​ឈាម​ជា​ដាច់​ខាត ដ្បិត​ឈាម​ជា​ជីវិត។ ដូច្នេះ មិន​ត្រូវ​បរិភោគ​ជីវិត​ជា​មួយ​សាច់​ឡើយ។

24 កុំ​បរិភោគ​ឈាម​ឲ្យ​សោះ ចូរ​ចាក់​ឈាម​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។

25 កុំ​បរិភោគ​ឈាម​ឲ្យ​សោះ ធ្វើ​ដូច្នេះ អ្នក និង​កូន​ចៅ​របស់​អ្នក​នៅ​ជំនាន់​ក្រោយ មុខ​ជា​មាន​សុភមង្គល ដោយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

26 ចំណែក​ឯ​សត្វ​ដែល​អ្នក​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះ‌អម្ចាស់ ឬ​តង្វាយ​លា​បំណន់ ត្រូវ​នាំ​យក​ទៅ​ថ្វាយ​នៅ​កន្លែង​ដែលព្រះ‌អម្ចាស់​ជ្រើស​រើស។

27 ចំពោះ​តង្វាយ​ដុត​ទាំង​មូល ត្រូវ​យក​ទាំង​សាច់​ទាំង​ឈាម​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ រីឯ​យញ្ញ‌បូជា​វិញ ត្រូវ​ប្រោះ​ឈាម​របស់​សត្វ​ដែល​អ្នក​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក រួច​អ្នក​បរិភោគ​សាច់​ចុះ។

28 ចូរ​ស្ដាប់ និង​កាន់​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក នៅ​ជំនាន់​ក្រោយ មាន​សុភមង្គល​រហូត​ត​ទៅ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ និង​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

29 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​កំចាត់​ប្រជា‌ជាតិ​នានា​ចេញ​អស់​ពី​ស្រុក ដែល​អ្នក​ត្រូវ​ចូល​ទៅ​កាន់​កាប់។ ពេល​នោះ អ្នក​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក រួច​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។