27 ពួកគេស្មានថាអាចធ្វើឲ្យប្រជារាស្ដ្ររបស់យើងបំភ្លេចនាមយើង ដោយចាប់អារម្មណ៍ទៅលើសុបិនដែលគេរៀបរាប់ប្រាប់គ្នា ដូចដូនតារបស់ពួកគេបានភ្លេចនាមយើង ទៅគោរពព្រះបាល។
28 ដូច្នេះ ព្យាការីណាយល់សុបិនឲ្យគេរៀបរាប់ពីសុបិននោះទៅ។ រីឯអ្នកដែលទទួលពាក្យយើង ត្រូវយកពាក្យនោះទៅថ្លែងប្រាប់ឲ្យបានត្រឹមត្រូវ។កុំលាយអង្កាម និងអង្ករចូលគ្នា- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
29 ពាក្យរបស់យើងប្រៀបបីដូចជាភ្លើងនិងដូចញញួរដំបំបែកថ្ម- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
30 ហេតុនេះហើយបានជាយើងប្រឆាំងនឹងពួកព្យាការី ដែលលួចយកពាក្យគ្នាទៅវិញទៅមក ហើយបន្លំថាជាពាក្យរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31 យើងប្រឆាំងនឹងពួកព្យាការីដែលយកពាក្យខ្លួនមកប្រកាស ហើយថាជាពាក្យមកពីយើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
32 យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ព្យាការីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ព្យាការីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
33 ប្រសិនបើប្រជាជននេះ ឬព្យាការី* ឬបូជាចារ្យ*ណាម្នាក់ សួរអ្នកថា “តើព្រះអម្ចាស់មានព្រះបន្ទូលព្រមានពួកយើងពីរឿងអ្វី?” នោះត្រូវឆ្លើយទៅគេវិញថា “ព្រះអម្ចាស់ព្រមានថា ព្រះអង្គនឹងបោះបង់ចោលអ្នករាល់គ្នា”។