យេរេមា 23:28-34 KHSV

28 ដូច្នេះ ព្យាការី​ណា​យល់​សុបិន​ឲ្យ​គេ​រៀប​រាប់​ពី​សុបិន​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​ពាក្យ​យើង ត្រូវ​យក​ពាក្យ​នោះ​ទៅ​ថ្លែង​ប្រាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។កុំ​លាយ​អង្កាម និង​អង្ករ​ចូល​គ្នា- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

29 ពាក្យ​របស់​យើង​ប្រៀប​បី​ដូច​ជា​ភ្លើងនិង​ដូច​ញញួរ​ដំ​បំបែក​ថ្ម- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

30 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រឆាំង​នឹង​ពួក​ព្យាការី ដែល​លួច​យក​ពាក្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្លំ​ថា​ជា​ពាក្យ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

31 យើង​ប្រឆាំង​នឹង​ពួក​ព្យាការី​ដែល​យក​ពាក្យ​ខ្លួន​មក​ប្រកាស ហើយ​ថា​ជា​ពាក្យ​មក​ពី​យើង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

32 យើង​ប្រឆាំង​នឹង​អស់​អ្នក​ដែល​យក​សុបិន​និមិត្ត​ក្លែង‌ក្លាយ មក​ថ្លែង​ប្រាប់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​នាំ​ពួក​គេ​ឲ្យ​វង្វេង​តាម​ពាក្យ​កុហក​បោក​ប្រាស់។ យើង​ពុំ​បាន​ចាត់​ព្យាការី​ទាំង​នោះ​ឲ្យ​មក​ទេ ហើយ​យើង​ក៏​ពុំ​បាន​បញ្ជា​ពួក​នោះ​ដែរ។ ព្យាការី​ទាំង​នោះ​គ្មាន​ផល​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​របស់​យើង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

33 ប្រសិន​បើ​ប្រជា‌ជន​នេះ ឬ​ព្យាការី* ឬ​បូជា‌ចារ្យ*​ណា​ម្នាក់ សួរ​អ្នក​ថា “តើ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ព្រមាន​ពួក​យើង​ពី​រឿង​អ្វី?” នោះ​ត្រូវ​ឆ្លើយ​ទៅ​គេ​វិញ​ថា “ព្រះ‌អម្ចាស់​ព្រមាន​ថា ព្រះ‌អង្គ​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា”។

34 យើង​នឹង​ដាក់​ទោស​ព្យាការី បូជា‌ចារ្យ ឬ​ប្រជា‌ជន​ណា​ដែល​ពោល​ថា “ព្រះ‌អម្ចាស់​ព្រមាន​ពួក​យើង” យើង​ក៏​ដាក់​ទោស​ក្រុម​គ្រួសារ​របស់​គេ​ដែរ។