យ៉ូស្វេ 8:30-35 KHSV

30 លោក​យ៉ូស្វេ​សង់​អាសនៈ​ថ្វាយ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​លើ​ភ្នំ​អេបាល

31 ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ដូច​មាន​ចែង​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ថា «អាសនៈ​ត្រូវ​ធ្វើ​ពី​ថ្ម ដែល​មិន​ទាន់​មាន​នរណា​យក​ដែក​មក​ដាប់​ពី​លើ»។ ជន‌ជាតិ​អ៊ីស្រា‌អែល​យក​សត្វ​មក​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​ផង។

32 លោក​យ៉ូស្វេ​ចម្លង​ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ដោយ​ចារ​លើ​ថ្ម នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល។

33 ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ក្រុម​ព្រឹទ្ធា‌ចារ្យ ពួក​នាយ​ក្រុម និង​ក្រុម​អភិបាល ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ នាំ​គ្នា​ឈរ​អម​សង​ខាង​ហិប​នៃ​សម្ពន្ធ‌មេត្រី គឺ​នៅ​ទល់​មុខ​នឹង​ក្រុម​បូជា‌ចារ្យ​លេវី ជា​អ្នក​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។ ប្រជា‌ជន​ចំនួន​ពាក់​កណ្ដាល​ឈរ​ខាង​ភ្នំ​កេរី‌ស៊ីម ពាក់​កណ្ដាល​ទៀត ឈរ​ខាង​ភ្នំ​អេបាល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​បង្គាប់​មក ក្នុង​ពេល​ដែល​ត្រូវ​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល។

34 បន្ទាប់​មក លោក​យ៉ូស្វេ​អាន​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រឹត្យ‌វិន័យ គឺ​មាន​ទាំង​ព្រះ‌ពរ ទាំង​បណ្ដាសា ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​ទាំង​មូល។

35 លោក​យ៉ូស្វេ​អាន​គ្រប់​សេចក្ដី​ទាំង​អស់​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ឥត​ខ្វះ​ត្រង់​ណា​ឡើយ លោក​អាន​នៅ​មុខ​អង្គ​ប្រជុំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល គឺ​រួម​ទាំង​ស្ត្រី ទាំង​ក្មេង និង​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ផង។