2 ពួកគេបានរួបរួមគ្នាជាបក្សសម្ព័ន្ធ ដើម្បីច្បាំងតទល់ជាមួយលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល។
3 អ្នកស្រុកគីបៀន បានឮអំពីការទាំងប៉ុន្មានដែលលោកយ៉ូស្វេប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃដែរ។
4 ដូច្នេះ ពួកគេប្រើឧបាយកលបោកប្រាស់លោក គឺគេរៀបចំជាប្រតិភូទៅជួបលោក ដោយយកទៃចាស់ៗ និងថង់ស្រាចាស់ៗពេញទៅដោយបំណះ មកចងនឹងលារបស់ខ្លួន។
5 ពួកគេស្លៀកសម្លៀកបំពាក់ចាស់រយីករយាក និងពាក់ស្បែកជើងចាស់សឹកពេញទៅដោយថ្នេរ។ រីឯនំបុ័ងដែលគេយកទៅជាស្បៀងនោះសុទ្ធតែរឹង ហើយដុះផ្សិតអស់។
6 ពួកគេនាំគ្នាទៅជួបលោកយ៉ូស្វេនៅជំរំគីលកាល់ រួចនិយាយទៅកាន់លោក និងជនជាតិអ៊ីស្រាអែលថា៖ «សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំឥឡូវនេះផង ដ្បិតយើងខ្ញុំមកពីស្រុកឆ្ងាយ»។
7 ជនជាតិអ៊ីស្រាអែលតបទៅជនជាតិហេវីទាំងនេះថា៖ «អ្នករាល់គ្នាប្រហែលជារស់នៅក្នុងចំណោមពួកយើងទេមើលទៅ! តើឲ្យយើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នាដូចម្ដេចបាន?»។
8 ប៉ុន្តែ ពួកគេជម្រាបលោកយ៉ូស្វេថា៖ «យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់លោក»។ លោកយ៉ូស្វេសួរពួកគេថា៖ «តើអ្នករាល់គ្នាជានរណា? អ្នករាល់គ្នាមកពីណា»?