លោកុ‌ប្បត្តិ 27:26-32 KHSV

26 បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។

27 លោក​យ៉ាកុប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ លោក​អ៊ីសាក​ស្គាល់​ក្លិន​សម្លៀក‌បំពាក់​របស់​លោក​អេសាវ ក៏​ឲ្យ​ពរ​លោក​យ៉ាកុប ដូច​ត​ទៅ​នេះ៖«ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការមួយ​ដែល​ទទួល​ពរ​ពី​ព្រះ‌អម្ចាស់។

28 សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ទឹក​សន្សើមពី​លើ​មេឃ​មក​ឲ្យ​កូនព្រម​ទាំង​ដី​ដែល​មាន​ជី‌ជាតិ​ល្អ​ផង​ដែរ។ព្រះ‌អង្គ​ប្រទាន​ឲ្យ​កូន​មាន​ស្រូវនិង​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី​យ៉ាង​បរិបូណ៌។

29 សូម​ឲ្យ​ជាតិ​សាសន៍​នានា​បាន​ទៅ​ជាខ្ញុំ​បម្រើ​របស់​កូនហើយ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើនក្រាប​ថ្វាយ‌បង្គំ​កូន!។សូម​ឲ្យ​កូន​គ្រប់‌គ្រង​លើ​បង‌ប្អូន​របស់​កូន!សូម​ឲ្យ​បង‌ប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូនក្រាប​ថ្វាយ‌បង្គំ​កូន!អ្នក​ណា​ដាក់​បណ្ដាសា​កូនអ្នក​នោះ​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន!រីឯ​អ្នក​ណា​ឲ្យ​ពរ​កូនអ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។

30 ពេល​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​សព្វ​គ្រប់​ហើយ លោក​យ៉ាកុប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ លោក​អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។

31 គាត់​រៀបចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​ឲ្យ​ពរ​កូន»។

32 លោក​អ៊ីសាក​ជា​ឪពុក​សួរ​ថា៖ «នរណា​ហ្នឹង?» លោក​អេសាវ​តប​ថា៖ «ខ្ញុំ អេសាវ ជា​កូន​ច្បង​របស់​លោក​ឪពុក»។