លោកុ‌ប្បត្តិ 27:30-36 KHSV

30 ពេល​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​សព្វ​គ្រប់​ហើយ លោក​យ៉ាកុប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ លោក​អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។

31 គាត់​រៀបចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​ឲ្យ​ពរ​កូន»។

32 លោក​អ៊ីសាក​ជា​ឪពុក​សួរ​ថា៖ «នរណា​ហ្នឹង?» លោក​អេសាវ​តប​ថា៖ «ខ្ញុំ អេសាវ ជា​កូន​ច្បង​របស់​លោក​ឪពុក»។

33 លោក​អ៊ីសាក​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក អំបាញ់‌មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។

34 ពេល​លោក​អេសាវ​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំង ព្រោះ​ក្ដៅ​ក្រហាយ​ពេក គាត់​អង្វរ​ឪពុក​ថា៖ «លោក​ឪពុក សូម​ឲ្យ​ពរ​មក​កូន​ផង​ដែរ!»។

35 លោក​អ៊ីសាក​ឆ្លើយ​វិញ​ថា៖ «ប្អូន​របស់​កូន​បាន​ប្រើ​កល‌ល្បិច ដណ្ដើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ!»។

36 លោក​អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា “យ៉ាកុប” ដូច្នេះ​ត្រូវ​ហើយ ព្រោះ​វា​បាន​បោក​បញ្ឆោត​ខ្ញុំ​ដល់​ទៅ​ពីរ​ដង គឺ​វា​ដណ្ដើម​យក​សិទ្ធិ​ជា​កូន​ច្បង​ពី​ខ្ញុំ រួច​ស្រេច​ទៅ​ហើយ ឥឡូវ​នេះ វា​បោក​យក​ពរ​ពី​ខ្ញុំ​ទៀត! តើ​លោក​ឪពុក​នៅ​មាន​សល់​ពរ​ណា​ទៀត​សម្រាប់​កូន​ឬ​ទេ?»។