២ របាក្សត្រ 13:11-17 KHSV

11 ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​គ្រឿង​ក្រអូប ចំពោះ​ព្រះ‌អម្ចាស់ រាល់​ព្រឹក រាល់​ល្ងាច។ ពួក​គេ​ក៏​តម្កល់​នំបុ័ង​នៅ​លើ​តុ​ដ៏​បរិសុទ្ធ ព្រម​ទាំង​អុជ​ចង្កៀង​ដែល​ស្ថិត​នៅ​លើ​ជើង​ចង្កៀង​មាស​ជា​រៀង​រាល់​ល្ងាច។ ពួក​យើង​ប្រណិ‌ប័តន៍​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្គាប់។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អង្គ។

12 មើល​ចុះ ព្រះ‌ជាម្ចាស់ និង​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ជា​មួយ​ពួក​យើង ហើយ​នាំ​មុខ​ពួក​យើង។ ពួក​បូជា‌ចារ្យ​ត្រៀម​ខ្លួន​នឹង​ផ្លុំ​ត្រែ ដើម្បី​ប្រកាស​វាយ​លុក​អ្នក​រាល់​គ្នា។ កូន​ចៅ​អ៊ីស្រា‌អែល​អើយ! ចូរ​កុំ​ធ្វើ​សឹក​ទល់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ឈ្នះ​ជា​ដាច់​ខាត!»។

13 ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​ចាត់​ទ័ព​ខ្លះ​ឲ្យ​វាង​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទ័ព​យូដា ដូច្នេះ មាន​កង‌ទ័ព​អ៊ីស្រា‌អែល​ស្ថិត​នៅ​ពី​មុខ​កង‌ទ័ព​យូដា​ផង ហើយ​ក៏​មាន​ទ័ព​បង្កប់​នៅ​ខាង​ក្រោយ​កង‌ទ័ព​យូដា​ដែរ។

14 កាល​កង‌ទ័ព​យូដា​ក្រឡេក​មើល​ទៅ ឃើញ​មាន​ទ័ព​នៅ​ពី​មុខ​ផង ពី​ក្រោយ​ផង ដូច្នេះ ពួក​គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ពួក​បូជា‌ចារ្យ​ក៏​ផ្លុំ​ត្រែ​ឡើង​ដែរ។

15 កង‌ទ័ព​យូដា​បន្លឺ​ជយ‌ឃោស ហើយ​នៅ​ពេល​ដែល​កង‌ទ័ព​យូដា​ស្រែក​ឡើង ព្រះ‌អម្ចាស់​បាន​វាយ​ប្រហារ​ព្រះ‌បាទ​យេរ៉ូ‌បោម និង​កង‌ទ័ព​អ៊ីស្រា‌អែល នៅ​មុខ​ព្រះ‌បាទ​អប៊ី‌យ៉ា និង​កង‌ទ័ព​យូដា។

16 ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​កង‌ទ័ព​យូដា ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ពួក​គេ​ក្នុង​កណ្ដាប់​ដៃ​របស់​កង‌ទ័ព​យូដា។

17 ព្រះ‌បាទ​អប៊ី‌យ៉ា និង​កង‌ទ័ព​យូដា ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​គេ​បាន​ប្រហារ​ទាហាន​ដ៏​ពូកែ​នៃ​កង‌ទ័ព​អ៊ីស្រា‌អែល អស់ ៥០០ ០០០ នាក់។