២ របាក្សត្រ 13:13-19 KHSV

13 ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​ចាត់​ទ័ព​ខ្លះ​ឲ្យ​វាង​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទ័ព​យូដា ដូច្នេះ មាន​កង‌ទ័ព​អ៊ីស្រា‌អែល​ស្ថិត​នៅ​ពី​មុខ​កង‌ទ័ព​យូដា​ផង ហើយ​ក៏​មាន​ទ័ព​បង្កប់​នៅ​ខាង​ក្រោយ​កង‌ទ័ព​យូដា​ដែរ។

14 កាល​កង‌ទ័ព​យូដា​ក្រឡេក​មើល​ទៅ ឃើញ​មាន​ទ័ព​នៅ​ពី​មុខ​ផង ពី​ក្រោយ​ផង ដូច្នេះ ពួក​គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ពួក​បូជា‌ចារ្យ​ក៏​ផ្លុំ​ត្រែ​ឡើង​ដែរ។

15 កង‌ទ័ព​យូដា​បន្លឺ​ជយ‌ឃោស ហើយ​នៅ​ពេល​ដែល​កង‌ទ័ព​យូដា​ស្រែក​ឡើង ព្រះ‌អម្ចាស់​បាន​វាយ​ប្រហារ​ព្រះ‌បាទ​យេរ៉ូ‌បោម និង​កង‌ទ័ព​អ៊ីស្រា‌អែល នៅ​មុខ​ព្រះ‌បាទ​អប៊ី‌យ៉ា និង​កង‌ទ័ព​យូដា។

16 ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​កង‌ទ័ព​យូដា ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ពួក​គេ​ក្នុង​កណ្ដាប់​ដៃ​របស់​កង‌ទ័ព​យូដា។

17 ព្រះ‌បាទ​អប៊ី‌យ៉ា និង​កង‌ទ័ព​យូដា ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​គេ​បាន​ប្រហារ​ទាហាន​ដ៏​ពូកែ​នៃ​កង‌ទ័ព​អ៊ីស្រា‌អែល អស់ ៥០០ ០០០ នាក់។

18 នៅ​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង រីឯ​កូន​ចៅ​យូដា​វិញ ពួក​គេ​បាន​ទទួល​ជោគ​ជ័យ ព្រោះ​ពួក​គេ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន។

19 ព្រះ‌បាទ​អប៊ី‌យ៉ា​ដេញ​តាម​ព្រះ‌បាទ​យេរ៉ូ‌បោម ហើយ​ដណ្ដើម​យក​បាន​ក្រុង​ខ្លះ​ពី​ព្រះ‌បាទ​យេរ៉ូ‌បោម គឺ​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​យេសា‌ណា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​អេប្រុន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។